ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ បើកបុកម៉ូតូ អូសចូលក្រោមរថយន្ត កិនបុរសម្នាក់ស្លាប់

82

 

ភ្នំពេញ ÷ រថយន្តកុងតឺន័រមួយគ្រឿង បេីកយ៉ាងលឿន រេចង្កូតចូលគន្លងផ្លូវ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សង់ អូសម៉ូតូចូលក្រោមរថយន្ត ទៅមុខជាច្រើនម៉ែត្រ កិនបុរសម្នាក់ស្លាប់ នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចជិត ភោជនីយដ្ឋាន បឹងឈូក ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនងគ្រោះ ឈ្មោះ មាន បាន ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិម្លប់ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១៣៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខកណ្តាល1V-1362 ធ្វើដំណើរតាមបណ្ដោយផ្លូវ ថៃហ្គ័រ ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកេីតហេតុខាងលើ ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3A-6868 បេីកបរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា ស្រាប់តែភ្លាមៗនោះ ពុំដឹងថាតៃកុងយ៉ាងម៉េចនោះទេ ក៏បានរេចង្កូតរថយន្តចូលទៅគន្លងផ្លូវម្ខាងទៀត ជាផ្លូវរបស់ខាងម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យខ្ទាតបុរសជាអ្នកជិះម៉ូតូ បោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលផ្លូវ ចំណែក រថយន្តបង្កវិញ អូសម៉ូតូទៅមុខជាច្រើនម៉ែត្រ រួចបើកទ្វាររត់គេចខ្លួនបាត់ស្រមោល នៅបន្សល់ទុកតែរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ និងខាងផ្នែកជំនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង