ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូលឿនបុករថយន្តពេញទំហឹង ដួលបោកក្បាលនឹងថ្នល់ស្លាប់

44

 

ភ្នំពេញ ÷ បុរសម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាក PRADO បើកចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាលនឹងថ្នល់ស្លាប់ ចំណែកឯរថយន្តបង្ក ព្យាយាមបើករត់មកដល់ផ្ទះ ត្រូវសមត្ថកិច្ចឃាត់បានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ហៅលី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក PRADO មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2H- 1578 បើកចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងទិសដៅពីត្បូងមកជើង ឡើងផ្លូវសហព័ន្ធរុស្សុីរួចបានបត់ស្តាំ បម្រុងនិងត្រឡប់ទៅផ្ទះវិញ ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BE 6870 ជិះតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តចំពាក់កណ្តាលទ្វារខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំនែកឯរថយន្តបង្កវិញ បានបើករត់ទៅមុខកាត់តាមបណ្តោយផ្លូវ២០១១ ដោយខាងសមត្ថកិច្ចខណ្ឌសែនសុខ ល្បាតតាមដងផ្លូវស្រាប់តែឃើញរថយន្តបង្កខាងលើ បានដេញពីក្រោយរហូតទៅដល់ផ្ទះ ក៏ឃាត់បានតែម្តងទៅ​បន្ទាប់មកបានទាក់ទងទៅខាងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឲ្យចុះមកយកទៅកន្លែងកើតហេតុវិញ។
សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចឃាត់តៃកុង​និងយករថយន្តបង្ក ទៅកន្លែងកើតហេតុ រួចទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅខាងចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង