ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡា

103

 

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom នៅព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា ក្នុងការបម្រើដល់ការស្នាក់នៅ-ហូបចុក ក្នុងពេលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ការធ្វើបទបង្ហាញពីអ្នកឧកញ៉ា សៀ ឬទ្ធី នៃក្រុមហ៊ុន WorldBridge Sport Willage ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា ដែលក្រុមហ៊ុនសាងសង់នេះបានបំពេញកាតព្វកិច្ចក្នុងការបង្ហាញវឌ្ឍនភាពការងារសាងសង់ឲ្យទាន់ពេលវេលា។ ជាមួយគ្នានោះ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានអះអាងជាថ្មីថា ដំណើរការសាងសង់នេះនឹងសម្រេចបានតាមផែនការ និងមិនធ្វើឲ្យខូចកិត្តិយសជាតិនោះទេ ដោយដំណើរការសាងសង់នឹងធ្វើឲ្យបានរួចរាល់តាមផែនការ។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា «ការអះអាងរបស់ក្រុមហ៊ុនសាងសង់នេះបានធ្វើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC មានទំនុកចិត្តខ្ពស់ ក្នុងការត្រៀមខ្លួនគ្រប់ទម្រង់ទាំងអស់ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វីដែលសំខាន់ គឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាបានជំរុញឲ្យក្រុមហ៊ុនសាងសង់បន្តសកម្មភាពសាងសង់ឲ្យសម្រេចបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ផ្នែកបច្ចេកទេសមួយចំនួនទៀត ដែលឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានលើកឡើង»។

«ដូច្នេះ ភូមិកីឡានេះ គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ដោយភូមិកីឡានេះនឹងទទួលការស្នាក់នៅ-ហូបចុករបស់ប្រតិភូ-អត្តពលិក ក្នុងកម្រិតស្តង់ដាអន្តរជាតិ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូជាតិ ក្នុងពេលទទួលព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ជារួម នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំ CAMSOC ទទួលបានភាពកក់ក្តៅនៃដំណើរការវឌ្ឍនភាពការងារសាងសង់ភូមិកីឡានេះ តាមផែនការ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា តាមផែនការ ដំណើរការសាងសង់ភូមិកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវបញ្ចប់ នាចុងឆ្នាំ២០២២ ដោយភូមិកីឡានេះអាចបម្រើដល់ការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់ ក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង