ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ទារី ជាលើកដំបូង នឹងមានវត្តមាន នៅស៊ីហ្គេម ឆ្នាំ២០២៣

75

 

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការបង្កើតឲ្យមានក្រុមបាល់ទាត់នារីជម្រើសជាតិជាលើកដំបូងសម្រាប់
ត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រក្នុងថានៈជាមកចាស់ផ្ទះ ។
តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថានេះជាការត្រៀមខ្លួនជាមុនដម្បីបង្កើនគុណភាពបច្ចេកទេស
របស់ក្រុមបាល់ទាត់នារីកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍រៀងរាល់២ឆ្នាំម្តងនេះ។ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមសម្រាប់ព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការពីរដ្ឋាភិបាលចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានរាយនាមក្នុងបញ្ជីទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៩០ថ្ងៃ។ក្រុមជម្រើសជាតិនារីនឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នាចុងខែកញ្ញានេះ ក្រោយពន្យារពេលមួយរយៈដោយសារវិបត្តជំងឺឆ្លងកូវីដ-១៩។
ចំពោះសមាសភាពក្រុមនារី ដែលត្រៀមចេញហ្វឹកហាត់នៅប្រទេសចិននេះមានចំនួន២២នាក់ ក្នុងនោះមកពីក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ៧នាក់, ភ្នំពេក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្លិបបាល់ទាត់សៀមរាប ២នាក់, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ២នាក់។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកកែវសារ៉េតមានប្រសាសន៍ថា«យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិនមានក្រុមបាល់ទាត់នារីច្រើន។វាជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុកដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។កាលណាការប្រមូលផ្តុំហ្វឹកហាត់បូកផ្សំនឹងការគោរពវិន័យផងនោះយើងជឿជាក់ថាក្រុមបាល់ទាត់នារីក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»។
លោកអគ្គលេខាធិការ កែវ សារ៉េត ផ្តោតសំខាន់ទៅលើការប្រកួតធ្វើតេស្តជាក់ស្តែងនាពេលខាងមុខ ដើម្បីឲ្យដឹងច្បាស់ថា ក្រុមបាល់ទាត់នារីកម្ពុជាអាចនឹងកើនឡើងក្នុងកម្រិតណាពីព្រោះការខិតខំហ្វឹកហាត់នេះមិនមែនតែយើងនោះទេប៉ុន្តែក្រុមនារីនៃប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ក៏កំពុងខិតខំដូចគ្នាផងដែរ។ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសុទិដ្ឋិនិយមថា កាលណាយើងប្រឹងប្រែង យើងនឹងទទួលបានលទ្ធផលល្អ។យើងសង្ឃឹមថាក្រុមបាល់ទាត់នារីនឹងអាចរីកចម្រើនអាចប្រកួតប្រជែងបានរួមផ្សំនឹងក្រុមបាល់ទាត់បុរស១ក្រុមទៀត ដែលជាក្តីសង្ឃឹម ក្នុងពេលដំណាលគ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រុមបាល់ទាត់នារីកម្ពុជាចំនួន២២នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ១៣៥នាក់ នៃ១២ប្រភេទកីឡា។ គម្រោងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងចេញទៅនាចុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ដែលនេះគឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
គម្រោងហ្វឹកហាត់នៅប្រទេសចិនមានរយៈពេលវែងពីចុងឆ្នាំ២០២១រហូតដល់ឆ្នាំ២០២៣ដែលព្រះរាជាណាក្រកម្ពុជាកំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ក្នុងការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ បច្ចុប្បន្ន ភាគីមិត្តចិនកំពុងរៀបចំទីលានគ្រូបង្វឹកវិធានការសុខាភិបាលសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានៅទីនោះហើយនៅពេល
ទទួលបានព័ត៌មាននៃការរៀបចំរួចរាល់គឺក្រុមជម្រើសជាតិកម្ពុជាទាំងអស់នឹងត្រូវបញ្ជូនចេញទៅហ្វឹកហាត់ភ្លាមៗដែរ។
សូមបញ្ជាក់ថាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាខែមេសាឧសភាឆ្នាំ២០២២ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិននឹងត្រឡប់មកចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេមនេះហើយក្រោយបញ្ចប់ទើបក្រុមជម្រើសជាតិទាំងអស់នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង