ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងលោកផ្កាយបី ជាមួយនឹងស្រ្តីអាណិតជនខ្មែរអាមេរិក បានបញ្ចប់ហើយ ត្រឹមសងលុយ និងសុំទោស

141


ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ កាលពីព្រឹកថ្ងៃទី២៩ខែសីហា បានឃាត់ខ្លួនលោកផ្កាយបី មកសាកសួរតាមនីតិវិធីនៃច្បាប់ ពាក់ព័ន្ធរឿងប្តឹង លោកផ្កាយបី បោកលុយស្រ្តីអណិកជនខ្មែរអាមេរិក គឹម យូនងួន ។ រឿងក្ដីលោកផ្កាយ៣ កើត​ ប៉ូលីន​ អគ្គនាយករង​ នៃ​ អគ្គនាយដ្ឋានសម្ភារបច្ចេកទេស​ និង​ នារីរងគ្រោះ ត្រូវបានដោះស្រាយបញ្ចប់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ដោយលោកផ្កាយ៣ កើត​ ប៉ូលីន​ យល់ព្រមសុំទោស នារីរងគ្រោះរូបនោះ​ និង​បានសងប្រាក់ចំនួន​ ៨០០០​ ដុល្លារ​ ទុកជាថ្លៃសងជំងឺចិត្តជូននាង​ ។​
ហើយនារីរងគ្រោះ ក៏បានយល់ព្រមទទួលយកការសុំទោស​ និង​ ថវិកាចំនួន​ ៨០០០​ ដុល្លារ​ ពីលោក​ ផ្កាយ៣ កើត​ ប៉ូលីន​ ដើម្បីបញ្ចប់រឿងនេះចាប់ពីពេលនេះតទៅ​។

លោកផែង​ វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី២៩សីហានេះថា “រឿងក្ដីលោក​ឧត្ដមសេនីយ៍ឯក​ កើត​ ប៉ូលីន​ អគ្គនាយករង​ នៃ​ អគ្គនាយដ្ឋានសម្ភារបច្ចេកទេស​ និង​ ស្ត្រី​ឈ្មោះ​ Vanny Heng ត្រូវបានដោះស្រាយបញ្ចប់នៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ​ ដោយលោកឧត្ដមសេនីយ៍ឯក​ កើត​ ប៉ូលីន​ យល់ព្រមសុំទោសស្ត្រីរូបនោះ​ និង​ បានសងប្រាក់ចំនួន​ ៨០០០​ ដុល្លារ​ ជូននាង​ ។​ លោកស្រី​ម្ចាស់គណនី​ Facebook Vanny Heng បានយល់ព្រមទទួលយកការសុំទោស​ និង​ ថវិកាចំនួន​ ៨០០០​ ដុល្លារ​ ពីលោក​ ឧត្ដមសេនីយ៍ឯក​ កើត​ ប៉ូលីន​ ដើម្បីបញ្ចប់រឿងចាប់ពីថ្ងៃនេះតទៅ​ “។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ប្រាប់ថា រឿងនេះត្រូវបានបញ្ចប់នៅត្រឹម កងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនបញ្ជូនឡើងទៅកាន់តុលាការនោះទេ។

ស្រ្តីដែលជាអណិជនរូបនេះ ក៏បានសរសេរ និងឡាយតាមរយៈហ្វេសប៊ុកឈ្មោះ Vanny Heng ដូច្នេះថា 29 .8 .2018 ជំរាបសួរបងប្អូនទាំងអស់គ្នា ជាទីស្រឡាញ់ នាងខ្ញុំសូមអគុណដល់បងប្អូន ដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំ រឿងក្ដីប្ដឹងផ្ដល់នោះ គាត់បានចូលចរចាសម្រួលជាមួយខ្ញុំហើយ ហើយនាងខ្ញុំគិតថាបើចំណាយពេល យកឈ្នះចាញ់គ្នាអាចនឹងបាត់បង់អ្វីៗតទៅទៀត ទាំងពេលវេលាផងដែរ ដូចនេះទើបនាងខ្ញុំសូមអធ្យាស្រ័យ ខំរកស៊ីធ្វើការបន្តទៅទៀត ដោយកម្លាំងពិតៗរបស់ខ្ញុំ ហើយក៏ជាមេរៀនមួយសម្រាប់ខ្ញុំផងដែរ
អគុណខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ដំណោះស្រាយគឺជាយុត្តិធម៌មួយដ៏ល្អសម្រាប់ខ្ញុំ”។

សូមរំលឹកថាថ្មីៗនេះ មានការលេចឮដំណឹង ពីការឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន នេះ ក្រោយពីមាន ស្ត្រីខ្មែរអនិកជនអាមេរិកម្នាក់ បានបង្ហោះ វីដេអូ លើគណនីហ្វេសប៊ុក ឈ្មោះ Vanny Heng ដោយអះអាង ភ្ជាប់ជាមួយ ភស្តុតាងផង ថា លោកផ្កយ៣ កើត ប៉ូលីន បានបោកលុយរបស់នាង អស់ចំនួន ៣ម៉ឺនដុល្លារ។
អ្នកស្រី គឹម យូនងួន ស្នាក់នៅបូរីសូនី សង្កាត់ ស្ទឹងមានជ័យខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ អាសយដ្ឋានស្នាក់នៅអាមេរិច នៅរដ្ឋ Providence Ri បានអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជួយរកយុត្តិធម៌ដល់អ្នកស្រី ដែលត្រូវបានលោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ថានសម្ភារបច្ចេកទេស បោកលុយជាង៣ម៉ឺនដុល្លារ ហើយគំរាមឲ្យកូនចៅ មកបាញ់សម្លាប់អ្នកស្រីដល់ផ្ទះ និងឆាតតាមហ្វេសប៊ុក គំរាមសម្លាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង