ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ដួង ដារ៉ា បានអំពាវនាវឲ្យអាជ្ញាធរ ឬភាគីផ្សេងទៀត បញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លី កុហកសម្តេចតេជោ

78

 

បន្ទាយមានជ័យ ៖ ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរ ឬភាគីផ្សេងទៀត បញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លី ជូនទៅសម្តេច។ លុះត្រាតែបញ្ឈប់ការធ្វើការរបាយការណ៍ខុសការពិត ទើបជម្លោះដី្លធ្លីរបស់ប្រជាពលរដ្ឋ អាចត្រូវបានដោះស្រាយបានឆាប់រហ័ស។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តម ដួង ដារ៉ា បានសរសេរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖«យើង ត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និង ចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ ស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»។

ឯកឧត្តម ដួង ដារ៉ា អំពាវនាវឲ្យបញ្ឈប់ការធ្វើរបាយការណ៍ភូតកុហកសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងសំណេររបស់លោក ដែលសរសេរលើទំព័រហ្វេសប៊ុក រៀបរាប់ពីទំនាស់ដី្លធ្លីមួយករណី ក្នុងខេត្តបន្ទាយមានជ័យ។ ទំនាស់ដីធ្លីនោះ គឺកើតឡើងរវាងកូនស្រី និងម្តាយ។

ឯកឧត្តម អះអាងថា ថ្ងៃនេះកូនស្រីបង្កើតនៅបារាំងបានទទួលប័ណ្ណកម្មសិទ្ធិដីពិតប្រាកដពីម្តាយ ក្រោមការសម្របសម្រួលដ៏តានតឹងបំផុតមួយ

ករណីវិវាទដីធ្លីរាំរ៉ៃរវាងកូនស្រី វណ្ណា ថាវត្តី ដែលជាអនិកជនខ្មែររស់នៅប្រទេសបារាំង និងម្តាយបង្កើតរស់នៅក្នុងប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ៨ កញ្ញា ២០២១ នេះ គឺភាគីកូនស្រីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ស្របច្បាប់ហើយ។ ខ្ញុំ និង ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនោះ ជូនគាត់ នៅសាលាខេត្តបន្ទាយមានជ័យ។

ករណីវិវាទដីធ្លីនេះ ខ្ញុំបានសម្របសម្រួលជាមួយម្តាយបង្កើតនិងកូនស្រីអស់រយៈពេលជាច្រើនខែកន្លងមក ហើយទើបចុងក្រោយភាគីខាងម្តាយបានយល់ព្រមផ្ទេរកម្មសិទ្ធិដី២កន្លែង មកអោយកូនស្រីបង្កើតវិញ ដោយបានទទួលស្គាល់ថា ដីទាំង២កន្លែងនោះ គឺកូនស្រីពិតជាបានផ្ញេីប្រាក់អោយគាត់ជួយទិញដីអោយមែនព្រោះមិនទាន់អាចចុះមកដោយខ្លួនឯងបាន។ ទន្ទឹមនឹងនោះដែរ កូនស្រីក៏បានផ្តល់ជាថវិកាមួយចំនួនផ្សេងទៀតជូនម្តាយដែលបានជួយទិញដីអោយ។ ប៉ុន្តែពេលនោះគឺម្តាយចង់យកដីទាំងអស់ទេីបធ្វេីអោយកេីតវិវាទនេះឡេីង។ ករណីនេះម្តាយនិងឪពុកបង្កេីតបិះលែងលះគ្នាទៅហេីយ ដោយម្តាយបានដាក់ពាក្យលែងឪពុកព្រោះមិនព្រមធ្វេីតាមគាត់ជាប្រពន្ធ។ ប៉ុន្តែពេលនេះអ្វីៗបានត្រឡប់មករកផ្លូវល្អវិញហេីយក្រោមដំណោះស្រាយឈ្នះឈ្នះតេជោ។

ខ្ញុំសូមអរគុណ ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានសហការរួមគ្នាជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយខ្ញុំបាទជួយដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ។ សម្តេចតេជោ លោកតែមានព្រហ្មវិហារធម៍ មេត្តាធម៌ និងក្តីសណ្តោសចំពោះពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដូចករណីប្អូនស្រីផ្ទាល់ដែលរស់នៅក្នុងប្រទេសបារាំង ហើយពេលនេះគឺបានទទួលបណ្ណកម្មសិទ្ធិដីស្របច្បាប់ និងបានបញ្ចប់វិវាទជាស្ថាពរ។

យេីងត្រូវរួមគ្នាបញ្ឈប់ធ្វេីរបាយការណ៍ភូតកុហកសម្តេច ដេីម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និង
ចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង