ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UN ស្វែងរក​ថវិកា​ចំនួន​ ៦០០​ លាន​ដុល្លារ​ ដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

135

បរទេស ៖ អង្គការសហប្រជាជាតិ​កំពុង​រៀបចំ​សន្និសីទ​ស្វែងរក​ជំនួយ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​ចន្ទ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រៃ​អង្គាសប្រាក់​ជាង​ ៦០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ជួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​ព្រមាន​ពី​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​នោះ​ បន្ទាប់​ពី​ក្រុម​តា​លី​បង់​ដណ្តើម​បាន​ ។​

​មន្ត្រី​និង​ក្រុម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ទោះបីជា​មុន​ពេល​ដែល​ក្រុម​តា​លី​បង់​ដណ្តើម​បាន​ទីក្រុង​កា​ប៊ុល​កាលពី​ខែ​មុន​ក៏​ដោយ​ ក៏​ប្រជាជន​ជាង​ពាក់កណ្តាល​ ឬ​ ១៨​ លាន​នាក់​ បាន​ពឹងផ្អែក​លើ​ជំនួយ​រួច​ទៅ​ហើយ​។​ ហើយ​តួលេខ​កើនឡើង​ដោយ​ សារ​តែ​គ្រោះ​រាំង​ស្ងួត​ និង​កង្វះខាត​សាច់ប្រាក់​ រួម​ទាំង​ស្បៀងអាហារ​ផង​ដែរ​។​

​ការ​បញ្ចប់​ភ្លាមៗ​នូវ​ជំនួយ​បរទេស​ជា​ទឹក​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​រដ្ឋាភិបាល​ ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាងលិច​ដួល​រលំ​ និង​ក្រុម​តា​លី​បង់​បាន​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​មាន​សម្ពាធ​កាន់តែ​ធ្ងន់​លើ​កម្មវិធី​ផ្តល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ Antonio​ Guterres​ និយាយ​ថា​ អង្គការ​កំពុង​ជួប​វិ​ប​តិ្ត​ហិរញ្ញវត្ថុ​ “​ បច្ចុប្បន្ន​អង្គការសហប្រជាជាតិ​មិន​អាច​សូ​ម្បី​តែ​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ខ្លួនឯង​”​ ។​

​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ​ដែល​នឹង​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ មានការ​ចូលរួម​ពី​មន្ត្រី​កំពូលៗ​ របស់​អង្គការសហប្រជាជាតិ​ រួម​ទាំង​លោក​ Guterres​ និង​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​លោក​ Peter​ Maurer​ ព្រមទាំង​តំណាង​រដ្ឋាភិបាល​រាប់​សិប​នាក់​ រួម​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ លោក​ Heiko​ Maas​ ផង​ដែរ​។​

​ទឹកប្រាក់​ប្រហែល​មួយ​ភាគ​បី​នៃ​ទឹកប្រាក់​ចំនួន​ ៦០៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​រក​ឃើញ​ថា​ ប្រមាណ​ ៩៣%​ នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ ១.៦០០​ នាក់​ដែល​បាន​ស្ទង់​មតិ​នៅ​ខែសីហា​ និង​កញ្ញា​មិន​មាន​អាហារ​គ្រប់គ្រាន់​ទេ​ ដែល​ភាគច្រើន​ដោយសារ​តែ​ពួក​គេ​មិន​អាច​រក​ប្រាក់​បាន​សម្រាប់​​ថ្លៃ​អាហារ​។​

​លោកស្រី​ Anthea​ Webb​ អនុប្រធាន​ប្រចាំ​តំបន់​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​មាន​ប្រសាសន៍​ថា​ “​នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​កំពុងធ្វើការ​ប្រកួតប្រជែង​ជាមួយ​ពេលវេលា​ និង​ការងារ​ជា​ ច្រើន​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវការ​បំផុត​។​ យើង​ពិតជា​សុំ​អង្វរ​ និង​ខ្ចីប្រាក់​ដើម្បី​បង្ការ​កុំ​ឲ្យ​ម្ហូបអាហារ​អស់ពី​ឃ្លាំង​”​ ។​

អត្ថបទដែលជាប់ទាក់ទង