ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងដីធ្លីនៅព្រលានយន្តហោះថ្មី ៖ តុលាការឃុំខ្លួនមនុស្ស៩នាក់ ចោទពីបទ «ហិ.ង្សាដោយចេតនាមានស្ថាននទម្ងន់ទោស, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»

82

 

កណ្ដាល ៖ មនុស្សចំនួន៩នាក់ ក្នុងចំណោមមនុស្សចំនួន៣០នាក់ ដែលសមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួន ក្រោយប្រើហិ.ង្សាលើនគរបាលខេត្តកណ្ដាលឱ្យរបួសស្នាមចំនួន១៣នាក់ ក្នុងករណីតវ៉ាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន។

លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកមួយថា ពលរដ្ឋទាំង៩រូបនោះ ត្រូវបានចោទប្រកាន់បទ «ហិ.ង្សាដោយចេតនាមានស្ថាននទម្ងន់ទោស, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ នគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនមនុស្សចំនួន៣០នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោយពលរដ្ឋប្រមាណជាង១០០នាក់ បានធ្វើការបាតុកម្ម ដុតកង់ឡាន គ.ប់ដប់សាំង បា.ញ់ចំពាមកៅស៊ូ ប្រើដំបង និងគ.ប់ដុំថ្ម ដែលបង្កឱ្យនគរបាលចំនួន១៣នាក់ មានរបួសស្នាម ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានសម្រេចបំបែកក្រុមបាតុករដោយប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្ដាល មានការសោកស្ដាយចំពោះទង្វើជ្រុលនិយម​របស់ក្រុមមនុស្សដែលប្រព្រឹត្ដខុស​បានអំពើនេះអាចនាំឱ្យសណ្ដាប់ធ្នាប់សន្តិសុខនឹងបំផ្លិចបំផ្លាញផលប្រយោជន៍ដ៏ធំរបស់ជាតិ។

រដ្ឋបាលខេត្តកណ្ដាល សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយ ឱ្យមកចូលរួមដោះស្រាយដោយសន្តិវិធី និងចូលរួមគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនឡើង។

គួរកត់សម្គាល់ផងដែរថា ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលមានទំនាស់ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានមកប្រមូល ផ្តុំគ្នាតវ៉ាដើម្បីទាមទារចូលទៅកាន់ទីតាំងដីស្រែរបស់គាត់ ខណៈភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានប្រើគ្រឿងចក្រចូលកាយផ្តាច់ផ្លូវចូលទៅដីស្រែរបស់ពួកគាត់ រហូតដល់មានការផ្ទុះហិ.ង្សា។

ប្រជាពលរដ្ឋបានលើកឡើងថា កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនិងដាក់បារ៉ាសដើម្បីរារាំង​បិទផ្លូវពួកគាត់ ខណៈភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានប្រើគ្រឿងចក្រចូលកាយផ្តាច់ផ្លូវចូលទៅដីស្រែរបស់ពួកគាត់។

ពលរដ្ឋដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនប្រមាណជាង១០០នាក់ បានព្យាយាមចូលទៅទប់ស្កាត់កុំឱ្យគ្រឿងចក្រកាយផ្ដាច់ផ្លូវ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។ កងកម្លាំងសមត្ថកិច្ច ត្រូវបានគេដាក់ពង្រាយនិងដាក់បារ៉ាស ដើម្បីចាំរារាំងពលរដ្ឋពីទីតាំងដីស្រែដែលកំពុងមានជម្លោះ។

ពលរដ្ឋជាង៣០០គ្រួសារនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅមិនទាន់ទទួលបានដំ​ណោះស្រាយពីភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅឡើយទេ ខណៈក្រុមហ៊ុនបន្តប្រើគ្រឿងចក្រ​ឈូស​ឆាយជាបន្តបន្ទាប់ រីឯសមត្ថកិច្ចតែងរារាំងមិនឱ្យពួកគាត់ចូលទៅកាន់ដីស្រែទាំងនោះ។

កន្លងមក ក្រុមពលរដ្ឋបានទាមទារតម្លៃដីស្រែសមរម្យតាមទីផ្សារ គឺក្នុងមួយម៉ែត្រការ៉េតម្លៃប្រហែល១០០ដុល្លារ ប៉ុន្តែខាងអាជ្ញាធរ​ជួយសម្របសម្រួលឱ្យបានក្នុងតម្លៃ៨ដុល្លារឬ១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែលប្រជាពលរដ្ឋជាម្ចាស់ដីស្រែមិនអាចទទួលយកបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង