ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិដើមភាគតិច មិនដែលជំទាស់ នឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល តែចង់បាន និងជំរុញឲ្យមានអភិវឌ្ឍ ចំពោះជនជាតិដើមភាគតិច ចង់បាន

155


ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ត្រូវបានប្រារព្វធ្វើឡើង ក្រោមកិច្ចសហប្រតិបត្តិការណ៍រៀបចំដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាប័នរដ្ឋពាក់ព័ន្ធ តំណាងជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយនៅក្នុងខេត្តព្រះវិហារ និងតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនសរុប ១០១៨ នាក់។

ស្ថាប័នសង្គមស៊ីវិលជាពិសេសជនជាតិដើមភាគតិច ក្នុងប្រទេសកម្ពុជា ចង់ឃើញការប្រារព្វទិវាអន្តរជាតិ នៃជនជាតិដើមភាគតិចនៅកម្ពុជា ឈានដល់ការសម្រេចក្នុងគោលបំណងរួម៖ ការទប់ស្កាត់ការចំណាកស្រុក និងបំលាស់ទីរបស់ជនជាតិដើមភាគតិច ដោយធ្វើការពង្រឹងដល់សហគមន៍មូលដ្ឋានលើនិនជីវិត ដើម្បីបន្សាំនឹងបរិបទ សង្គម និងពន្លឿននៃការចុះបញ្ជីដីសមូហភាព ដើម្បីធានាសុវត្តិភាពដីធ្លីរបស់ពួកជនជាតិដើមភាគតិច។

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ត្រូវបានប្រារព្វធ្វើឡើង នៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤។ ក្នុងឆ្នាំនេះជនជាតិដើមភាគតិចប្រមាណជាង៣០០លាននាក់ ក្នុងប្រទេសជាង៩០ ទូទាំងពិភពលោកបាននិងកំពុងអបអរសាទរ និងប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៤ ក្រោមប្រធានបទ ការធ្វើចំណាកស្រុក និងបំលាស់ទីរបស់ជនជាតិដើមភាគតិច។ ប្រធានបទឆ្នាំនេះលើកឡើងពីបញ្ហា ការធ្វើចំណាកស្រុករបស់ជនជាតិដើមភាគតិច ទៅកាន់តំបន់ផ្សេងៗ ក្នុងការស្វែងរកការងារធ្វើ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងជួបកត្តាប្រឈមមួយចំនួននៅក្នុងតំបន់របស់ពួកគេ ដែលជម្រុញឲ្យរាជរដ្ឋាភិបាល កំណត់ជាបញ្ហាអាទិភាព ជួយអន្តរាគមន៍ដល់សហគមន៍ជនជាតិដើមភាគតិចទាំងនោះ ដើម្បីលើកកម្ពស់ជីវភាព រស់នៅឱ្យប្រសើរឡើង​ និងប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការរៀបចំទិវានេះ សំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក និងសិទ្ធិរបស់បងប្អូនជនជាតិដើមភាគចិតនៅកម្ពុជា ហើយក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាស និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចំនួន១៤១សហគមន៍ នៅក្នុងគោលដៅមួយចំនួន ក្នុងខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ ព្រះវិហារ កំពង់ស្ពឺ បាត់ដំបង កំពង់ធំ និងខេត្តពោធិ៍សាត់។ ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិច ជានីតិបុគ្គលបានចំនួន១២៥សហគមន៍ និងសហគមន៍ ចំនួន២៤ បានទទួលប្លង់កម្មសិទ្ធិដីសមូហភាពពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

លោករដ្ឋមន្រ្តី បានថ្លែងថា នៅចំពោះមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តខិតខំជំរុញការងារអភិវឌ្ឍន៍ជូនបងប្អូនឲ្យបានសមស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល គឺនឹងធ្វើឲ្យមានការប្រែប្រួល និងភាពរីកចម្រើនយ៉ាងពិតប្រាកដ ទាំងជីវភាពរស់នៅ ការថែរក្សាអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលបងប្អូនរស់នៅ និងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ឲ្យបានទូលំទូលាយតាមបណ្តាខេត្តដែលមានបងប្អូនជនជាតិដើមភាគតិចរស់នៅ។

លោកស្រី ដាំ ចន្ឋី តំណាងអង្គការជនជាតិដើមភាគតិចនៅកម្ពុជា បានថ្លែងថា បើទោះបីជាមានការគាំទ្រទាំងផ្នែកច្បាប់ គោលនយោបាយ លិខិតគតិយុត្តនានា និងអនុសាសន៍របស់សម្តេចតេជោ ចំពោះដំណោះស្រាយ នៃបញ្ហាដែលជនជាតិដើមភាគតិតកំពុងជួបប្រទះក៏ដោយ ក៏ការអនុវត្តនៅមានកំរិតនៅឡើយ។ ជាក់ស្តែងសហគមន៍ជនជាតិដើមភាគតិចភាគច្រើន នៅតែកំពុងប្រឈម និងជួបការលំបាកជាច្រើន លើសុវត្ថិភាពដីធ្លី ដីសមូហភាពវប្បធម៌ និងប្រពៃណីប្រព័ន្ធ សេដ្ឋកិច្ចសង្គម ធនធានធម្មជាតិ អត្តសញ្ញាណវប្បធម៌ និងប្រពៃណី ដោយសារការអភិវឌ្ឍដែលមាន ភាពកង្វះខាតមិនទទួលបានព័ត៌មានគ្រប់គ្រាន់ ពិគ្រោះយោបល់ជាមុន និងព្រមព្រៀងដោយសេរី។ លោកស្រី ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយពន្លឿនដល់ដំណើរការចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិច ជាសមូហភាព ដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ។

លោកស្រី បានបញ្ជាក់ថា ” យើងខ្ញុំជាជនជាតិដើមភាគតិចសូមប្រកាសថា ពួកយើងមិនដែលជំទាស់នឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឡើយ ផ្ទុយទៅវិញពួកយើងចង់បាន និងជំរុញឲ្យមានអភិវឌ្ឍ ចំពោះជនជាតិដើមភាគតិច ក៏ប៉ុន្តែការអភិវឌ្ឍដែលពួកយើងចង់បាននោះគឺ ត្រូវស្របជាមួយឆន្ទៈរបស់ពួកយើង ដែលស្របទៅនឹងគោលការណ៍ ទទួលបានព័ត៌មាន ពិគ្រោះយោបល់ជាមុន និងព្រមព្រៀងដោយសេរី និងប្រកបដោយការគោរពសិទ្ធិពិតប្រាកដ “។

លោកបណ្ឌឹត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ថ្លែងក្នុងមតិចំណាប់អារម្មណ៍ថា៖ អង្គការសង្គមស៊ីវិល និងជនជាតិដើមភាគតិច ស្នើឲ្យមានការយកចិត្តទុកដាក់បន្ថែម លើបញ្ហាសំខាន់ៗមួយ ចំនួនដូចខាងក្រោម៖ ជំរុញ និងពន្លឿនការចុះបញ្ចីដីសមូហភាព ជនជាតិដើមភាគតិច ឲ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ផ្តល់ការការបណ្តុះបណ្តាល អំពីបំនិនជីវិត និងជម្រើសមុខរបរ សមស្របសម្រាប់ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគាត់មានលទ្ធភាពជាក់ស្តែង ក្នុងការចាប់យកឱកាស និងទទួលបានផលប្រយោ ជន៍ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងបរិបទ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គួលើកទឹកចិត្តបន្ថែម ចំពោះការសិក្សាស្រាវជ្រាវ អំពីប្រវត្តិប្រពៃណី នៃនគររូបនីយកម្មរបស់ជនជាតិដើមភាគតិច ដើម្បីជាធាតុចូលដ៏ល្អ ស្របតាម បរិបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព សម្រាប់ចូលរួមចំណែក ចំពោះផែនការអភិវឌ្ឍន៍នគររូបនីយកម្មជនជាតិដើមភាគតិច ដែលអាចសន្សំបាននូវលំហដីធ្លី ធនធានធម្មជាតិ អត្តសញ្ញាណ សង្គមវប្បធម៌របស់ជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាលគួរបន្តពិនិត្យ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ទាំងធនធានថវិកា និងបច្ចេកទេស ដល់សហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងការគាំទ្រផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រង ដឹកនាំ សហគមន៍របស់ពួកគាត់ ទទួលបានជោគជ័យ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ដែលជាធនធានស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ មូលដ្ឋាន ក៏ដូចជា បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា។ គោរពស្នើសុំឲ្យក្រសួងអភិវឌ្ឍន៍ជនបទបន្តកិច្ចខិតខំប្រឹងប្រែងលើ “ការដឹកនាំ ឬពង្រឹងដំណើរការប្រតិបត្តិការប្រព្រឹត្តិទៅ នៃគណៈកម្មការធិការអន្តរក្រសួងជាទៀងទាត់” ដើម្បីជំរុញឲ្យមានការអនុវត្ត “គោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិដើមភាគតិច” ឲ្យបានពេញលេញ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗទាំង១០ ជាពិសេសក៏ជំរុញឲ្យមានការចូលរួម យ៉ាងពេញលេញពីជនជាតិដើមភាគតិច​ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការវប្បធម៌ របស់ជនជាតិដើមភាគតិច ដើម្បីចូលរួមចំណែកការអភិវឌ្ឍ ដោយចីរភាពនៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបញ្ឈប់ការរើសអើង គ្រប់ទម្រង់មកលើជនជាតិដើមភាគតិច នៅក្នុងវិស័យការងារ អប់រំសិក្សាធិការ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច សិល្បៈវប្បធម៌ និងព័ត៌មានវិទ្យាជាដើម។ នេះជាការបង្ហាញជំហរយ៉ាងមុតមាំ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញជាស្រេចនៅក្នុងការអនុវត្ត “គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព- Sustainable Development Goal” ចាប់ពីឆ្នាំ២០១៨ ដល់២០៣០ផងដែរ។ ពិតណាស់ការធានាការចូលរួមពេញលេញ និងប្រកបដោយប្រសិទ្ធិភាពនៃជនជាតិដើមភាគតិចកម្ពុជានៅគ្រប់កំរិត និងដំណើរការអភិវឌ្ឍនានា គឺជាស្នូលនៃសញ្ញាណជោគជ័យ នៅក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។

ដើម្បីលើកកិត្យានុភាពជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកន្លងមក រាជរដ្ឋាភិបាលគួរពិចារណា នៅក្នុងការដាក់ចូល ឬចាត់ចូល “ទិវាជនជាតិដើមភាគតិច ជាថ្ងៃបុណ្យជាតិ” ដើម្បីលើកកម្ពស់សិទ្ធិពេញលេញ របស់ជនជាតិដើមភាគតិចនៅកម្ពុជា ដែលបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា ជាពិសេសស្របតាមការប្តេជ្ញាចិត្ត នៃរាជរដ្ឋាភិបាលកម្ពុជា នៅកម្រិតតំបន់ និងអន្តរជាតិ ដែលបានចុះហត្ថលេខី នៅក្នុងសេចក្តីប្រកាស អង្កការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច កាលពីឆ្នាំ២០០៧កន្លងទៅ និងជាប្រទេសអាស៊ីតែមួយគត់ ដែលមានគោលនយោបាយ និងច្បាប់នានាល្អប្រសើរ ធានាដល់ការរស់នៅ និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច៕

អត្ថបទដែលជាប់ទាក់ទង