ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងប្រច័ណ្ឌឬស្នេហាត្រីកោណ កើតជាអំពើហឹង្សា ចាក់ស្លាប់១នាក់ របួសធ្ងន់២នាក់

34

 

បន្ទាយមានជ័យ ៖ មានករណីឃាតកម្មមួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀត រងរបួសធ្ងន់ ខណៈប្រភពនានាសង្ស័យថា បណ្តាលមកពីរឿងប្រច័ណ្ឌ ឬស្នេហាត្រីកោណ តែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ច ក៏មិនអាចសន្និដ្ឋានជារឿងអ្វី ឲ្យពិតប្រាកដនោះដែរ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទីទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នេះថា អ្នកពាក់ព័ន្ធក្នុងហេតុការណ៍១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លា.ប់នៅនឹងកន្លែង) ។ ២.ឈ្មោះ អ៊ុំ ដានី ភេទស្រី អាយុ៣៦ឆ្នាំ ម្ចាស់ផ្ទះកើតហេតុ រស់នៅក្នុងភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ។ ៣.ឈ្មោះ ហុង សុភក្រ ហៅថុង ភេទប្រុស (ជនដៃដល់) រស់នៅក្នុងភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង៤.ឈ្មោះ សំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុង ភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រត់រួចទាន់ពេល) ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា មុនកើតហេតុ នៅម៉ោង១៨និង៣០នាទីថ្ងៃដដែល នៅតូបលក់ដូររបស់ស្ត្រីឈ្មោះអ៊ុំ ដានី មានការជួបជុំផឹកស៊ី មួយដោយអ្នកចូលរួមមាន ឈ្មោះដោយ សារ៉េតនិងសំរ៉ា។ នៅពេលបុរសទាំង២ កំពុងអង្គុយផឹកស៊ីនៅតូបស្ត្រីខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រហៅ ថុង មិនដឹងដើរមកពីណា ហើយស្រែកឡាំប៉ារករឿង ដោយចោទស្ត្រីឈ្មោះអ៊ុំ ដានីថា ម្តេចនាងឯងហ៊ានក្បត់ចិត្តក្បត់ថ្លើមអញ ខណៈនោះស្ត្រីរងគ្រោះ ក៏តបថាបងឯងគ្មានអី ពាក់ព័ន្ធនឹងខ្ញុំទេ និងប្រាប់ថាឈ្មោះសំរ៉ា និងឈ្មោះ ដោយ សារ៉េត មកអង្គុយលេងទេ។ បន្ទាប់ពីស្ត្រីនោះនិយាយចប់ ជនបង្កនិយាយថា អញនឹងសម្លាប់ឲ្យងាប់ទាំងអស់ បន្ទាប់មកបានដកកូនកាំបិតចុងស្រួច ដងពណ៌ខ្មៅ ចេញពីក្នុងជើងខោខាងស្តាំ ចាក់លើឈ្មោះសំរ៉ា តែឈ្មោះដោយ សារ៉េត បានលោតទៅឃាត់ ក៏ត្រូវជនបង្កចាក់ត្រូវចំពោះជាច្រើនកន្លែង រត់ទៅដួលលើដងផ្លូវ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត។

ក្រោយបង្កទៅលើឈ្មោះដោយ សារ៉េត​ រួចជនដៃដល់ បានស្ទុះទៅចាក់ស្ត្រីរងគ្រោះ ត្រូវចំពោះរបួសធ្ងន់ បន្ទាប់មកជននេះ បានព្យាយាមប្រុងអារកខ្លួនឯង តែត្រូវអ្នកស្រុកនាំគ្នាឃាត់ទាន់ និងស្វាគមន៍ម៉ាទ្រមរបួសធ្ងន់លើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ទាំងស្ត្រីរងគ្រោះ ឈ្មោះអ៊ុំ ដានី និងជនដៃដល់។

ជុំវិញករណីនេះប្រភពនានា បានលើកឡើងផ្សេងគ្នាៗ ខ្លះសង្ស័យថាជារឿងស្នេហាត្រីកោណ ខណៈខ្លះថាអាចជារឿងប្រច័ណ្ឌខុសរឿង ពីសំណាក់ជនបង្ក ព្រោះធាតុពិត ស្ត្រីរងគ្រោះត្រូវសាច់ញាតិអះអាងថា មានប្តីមានកូនត្រឹមត្រូវ។ សាច់ញាតិស្ត្រីរងគ្រោះ បានប្រាប់ថា ធាតុពិតជនបង្កជាបុរសពោះម៉ាយ កូន១ នៅជិតផ្ទះជនរងគ្រោះដែរ ឯបុរសដែលស្លាប់ក៏នៅជិតគ្នា។ សាច់ញាតិប្រាប់ទៀតថា ស្ត្រីរងគ្រោះមានប្តីនិងកូនប្រុសស្រី៣នាក់ ប៉ុន្តែបុរសជាប្តី ជាប់ធ្វើការងារជាសន្តិសុខកាស៊ីណូមួយ នៅឯច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយថាពេលនេះ បុរសជាប្តីកំពុងមើលថែប្រពន្ធ ក្នុងមន្ទីរពេទ្យទៀតផង។

ចំណែកសមត្ថកិច្ចមិនទាន់ហ៊ានអះអាងជា ករណីអ្វីឲ្យប្រាកដទេ ទាក់ទងនឹងរឿងឃាតកម្មនេះ ព្រោះជនដៃដល់ត្រូវរងរបួសធ្ងន់ ដេកនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ៕

អត្ថបទដែលជាប់ទាក់ទង