ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាក់បញ្ចូលគ្នារវាងឈាមចាស់រួមជាមួយឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មីក្នុងគណៈរដ្ឋមន្ត្រីថ្មីអណត្តិទី៦សូមមានកូនអ្នកតូចផង

387


ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមចាក់បញ្ចូលគ្នា​ រវាងឈាមចាស់រួម ជាមួយឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មីក្នុងគណៈរដ្ឋមន្ត្រីថ្មីអណត្តិទី៦ បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ឈាមចាស់ក្ដីឈាមថ្មីក្ដីវាមិនបញ្ហាទេតែសុំដាក់ឈាមថ្មីនោះ មានកូនអ្នកតូចនិងគេមានចំណេះដឹងឱ្យបម្រើជាតិខ្លះផង កុំដាក់យុវជនមែនឈាមថ្មីមែនតែសុទ្ធសឹងតែកូនអ្នកធំ ក្មួយអ្នកធំរហូតនោះល្មមដល់វេនកូន អ្នកតូចនិងកូនអ្នកស្រែខ្លះផងទាន ទើបវាតម្លាភាពមិនមែនឈាមថ្មី ចេញតែពីកូននិងក្មួយមន្ត្រីជាន់ខ្ពស់ និងតាមក្រសួងដូចកន្លងមកនោះទៀតអី?។
ពាក់ព័ន្ធការមិនទាន់មានបញ្ជីូរឈ្មោះ គណៈរដ្ឋមន្ត្រីថ្មីនេះដែរកន្លងមកនេះ គេសង្កេតឃើញថា៖ចាប់តាំងពីក្រោយ បោះឆ្នោតមកដល់ពេលនេះរដ្ឋមន្ត្រី រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ តាមក្រសួងនានានៅមិនទាន់ដឹងវាសនារបស់ខ្លួន ក្នុងអណត្តិថ្មីនៅឡើយអង្គុយ ក៏មិនសុខដេកក៏មុនស្រួលដោយគេនាំគ្នានិយាយថា ក្នុងអណត្តិទី៦នេះគណរដ្ឋមន្ត្រីថ្មីរបស់សម្ដេចតេជោសែន ស្ងាត់ល្អណាស់ខុ សពី៥អាណត្តិមុន គេអាចដឹងអ្នកណាធ្វើអ្វីតំណែងអ្វីយូរហើយ។
ក្នុងនោះគេចេះតែសួរគ្នាថាតើគណៈរដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងមានទម្រង់យ៉ាងដូចម្តេច និងឥស្សរជនរូបណាខ្លះដែលនឹងត្រូវទទួលបានសេចក្តីទុកចិត្ត ដឹកនាំស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល។ តើឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលថ្មី ត្រូវរក្សាទុកនូវរដ្ឋមន្ត្រីចាស់ដដែល ឬត្រូវផ្លាស់ប្តូរថ្មី? តើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងនីមួយៗ នឹងត្រូវរក្សានៅដដែលឬត្រូវតែផ្លាស់ប្តូរថ្មី បញ្ចូលកម្លាំងថ្មីឈាមថ្មី ដែលជាយុវជនប្រកបដោយថាមពល និងដ៏សកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរៀនសូត្រពីការដឹកនាំ ដកបទពិសោធពីមន្ត្រីដែលមានបទពិសោធយូរ និងត្រៀមខ្លួនបន្តវេនដឹកនាំសម្រាប់ពេលអនាគត?។
ទន្ទឹមនឹងបញ្ចូលឈាមថ្មីដែលជាមន្ត្រីចេញពីក្រុមយុវជនច្រើនក្ដីតែជាមួយគ្នានោះគេនិយាយថាសម្ដេចតេជោលោកមានមនោសញ្ចេតនាច្រើនមិនអាចដកឬប្ដូរមន្ត្រីចាស់ៗរបស់គាត់ម្ដងទាំងអស់នោះទេគឺដូរតែមួយចំនួនតូចហើយគេដឹងទៀតថារដ្ឋមន្ត្រីដែលដឹកនាំក្រសួងអាណត្តទី៥ នឹងអាចត្រូវបានផ្តល់សេចក្តីទុកចិត្តបន្តការដឹកនាំក្រសួងស្ថាប័ន ក្នុងរយៈពេលមួយសមស្របពី១ឆ្នាំទៅ១ឆ្នាំកន្លះមានមុខដដែលដើម្បីជាការតបស្នងសងគុណពេលខិតខំប្រឹងប្រែងក្នុងពេលបោះឆ្នោតកន្លងមកផង។
ក្នុងនោះដែរមន្ត្រីរាជការនៅតាមក្រសួងនានា ក៏រង់ចាំអ៊ុតមើលថា តើរដ្ឋមន្ត្រីរបស់ខ្លួន នៅក្នុងអាណត្តិទី៥ នឹងបន្តការដឹកនាំនៅអាណត្តិទី៦ទៀតដែរឬទេ? អារម្មណ៍ពេលនេះអាចនឹងត្រូវវិលវល់ខ្លះ ប៉ុន្តែគួរតែរង់ចាំលទ្ធផលនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់អាណត្តទី៦ នឹងត្រូវបង្កើតឡើង។
អ្វីដែលគេទន្ទឹងរង់ចាំជាងគេគឺក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មីតាមស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ននេះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា កន្លងទៅទទួលបានអាសនៈ ១២៥/១២៥ នៅរដ្ឋសភា ពលរដ្ឋខ្មែរអាចមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ដែលនឹងបន្តតំណែង ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ នឹងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលប្រកបដោយភាពសកម្ម ពោរពេញទៅដោយថាមពល និងសមត្ថភាពខ្ពស់ព្រមទាំងមានការ ទទួលខុសត្រូវខ្ពស់ មានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការផ្តល់នូវទំនុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា និងមកលើសម្តេច ក្នុងការដឹកនាំប្រទេស ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។

មកដល់ពេលនេះគេចេះតែសួរគ្នាថាតើនរណាខ្លះអាចជាសមាជិករដ្ឋាភិបាលអាណត្តិថ្មី?
ក្នុងងគេដឹងថា៖រដ្ឋមន្ត្រីដែលដឹកនាំក្រសួងអាណត្តទី៥ នឹងអាចត្រូវបានផ្តល់សេចក្តីទុកចិត្តបន្តការដឹកនាំក្រសួងស្ថាប័ន ក្នុងរយៈពេលមួយសមស្របដើម្បីជាការតបស្នងសងគុណ នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីទាំងអស់នោះដែលជាប្រធាន ស្ថាប័នដឹកនាំធ្វើកំណែទម្រង់ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រនាំឱ្យដំណើរកម្ពុជាបោះឆ្នោះលឿនទៅរកភាពរុងរឿង និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ម្យ៉ាងទៀតការរក្សានូវរដ្ឋមន្ត្រីចាស់ៗមួយចំនួនឱ្យនៅបន្តកាន់តំណែង ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុង និងជួយបង្ហាត់បង្រៀនធនធានមនុស្សជំនាន់ ក្រោយឱ្យយល់ដឹងពីការងាររាក់ជ្រៅរបស់ក្រសួងស្ថាប័ន ព្រោះការដឹកនាំក្រសួងស្ថាប័នមួយ មិនងាយស្រួលដូចការនិយាយឡើយត្រូវការចាំបាច់នូវបទពិសោធ និងភាពទន់ភ្លន់លើការងារដឹកនាំនិងដោះស្រាយបញ្ហា។ ប៉ុន្តែដូចអាណត្តទី៥ ដែរ ទំនងសម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើការរើរើគណៈរដ្ឋមន្ត្រីក្នុងករណីចាំបាច់ផងដែរ។ឈាមចាស់រួមឈាមថ្មីដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងចក្ខុវិស័យវែងឆ្ងាយមួយសម្តេចតេជោ ហ៊ុន សែន ពិតជាបានគិតគូរយ៉ាងហ្មតចត់បំផុតលើអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បច្ចុប្បន្ន និងតទៅអនាគត។ ឆ្លងតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពស់ និងកំណើននៃធនធានមនុស្សជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា យុវជនប្រកប ដោយថាមពល និងចំណេះដឹងខ្ពស់ត្រូវបានរំពឹងថា នឹងលេចមុខច្រើននៅក្នុងឋានៈជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងនីមួយៗ។ កម្លាំងយុវជនទាំងនេះ គឺជាកម្លាំងចលករយ៉ាងរឹងមាំ និងជាធនាគារខួរក្បាលរបស់ជាតិដែលនឹងត្រូវបានផ្តល់ឱកាសចូលរួមកសាង និងអភិវឌ្ឍជាតិឱ្យរីកចម្រើនរុងរឿងទៅមុខ។ នៅកម្ពុជា យុវជនមានប្រមាណ៦៥% នៃចំនួនប្រជាជនសរុបគឺជាកម្លាំងស្នូលរបស់ប្រទេសជាតិ។
ការបញ្ចូលកម្លាំងយុវជនក្នុងការដឹកនាំប្រទេស គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនសមត្ថភាពដឹកនាំរបស់មនុស្សជំនាន់ក្រោយ និងជាការគិតគូរប្រកបដោយគតិបណ្ឌិតក្នុងការក សាងធនធានមនុស្សប្រកប ដោយចំណេះដឹង និងការទទួលខុសត្រូវដើម្បីបន្តវេនដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលយុវជនជំនាន់សម្តេចបានលះបង់សព្វបែបយ៉ាង និងយកជីវិតធ្វើជា ដើមទុនដើម្បីប្តូរយកនូវភាពសុខក្សេមក្សាន្ត និងការរីកចម្រើនជូនជាតិដូចសព្វថ្ងៃនេះ។ ការបញ្ចូលឈាមថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី៖ទី១៖ ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។ ទី២៖ ការបន្តវេនដឹកនាំពីសំណាក់សមាជិកបក្សពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ទី៣៖ ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងនូវកម្លាំងដឹកនាំ ក្រោមដំបូលរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំង ថែមទៀតបម្រើជាតិនិងប្រជាពលរដ្ឋលើគ្រប់វិស័យ។ទី៤៖ បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពល ដើម្បីពង្រឹងកម្លាំងបម្រើនិងកសាងជាតិ។យុវជនដែលនឹងក្លាយជាថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័ននេះគឺជាឈាមថ្មី ដែលនឹងបញ្ចូលក្នុងចង្កោមក្រុមថ្នាក់ដឹកនាំ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងការពារសន្តិភាពនិងស្ថិរភាពនយោបាយបានរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង