ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តគម្រោងបញ្ជរតែមួយជាតិ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន

151


ភ្នំពេញ៖ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងបញ្ជរតែមួយជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានវាយអំពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានស្នើឲ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ បន្តពិនិត្យពិភាក្សាផ្ទៃក្នុងលើផ្នែកពាក់ព័ន្ធរៀងៗខ្លួន និងផ្តល់មតិយោបល់កែលម្អ ដើម្បីជាធាតុចូលបន្ថែមទៀត ។

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ មានរៀបចំកិច្ចប្រជុំរបស់ក្រុម អនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាពលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសមាសភាពអនុប្រធាន និងសមាជិកនៃក្រុមអនុវត្តគម្រោង ដែលជាមន្រ្តីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ អ្នកជំនាញនៃក្រុមហ៊ុនជាប់កិច្ចសន្យាទទួលអនុវត្តគម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណចំនួន ៧០ នាក់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាអំពីនីតិវិធី និងកិច្ចដំណើរការពាក់ព័ន្ធការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតដោយក្រសួង-ស្ថាប័នជំនាញ ដែលចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី២ បានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ លោកអគ្គនាយក បានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺពិនិត្យ និងពិភាក្សាលើរបាយការណ៍បឋម និងវឌ្ឍនភាពការងារនៃក្រុមអ្នកជំនាញនៃក្រុមហ៊ុន VCC អំពីលទ្ធផលនៃការសិក្សានីតិវិធី និងកិច្ចដំណើការពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្តោតសំខាន់លើ ១)ស្ថានភាពបច្ចុប្បន្ន (As-Is Process) និង ២) ស្ថានភាពអនាគត (To-Be Process)ដែលអាចអនុវត្តបានតាមប្រព័ន្ធអនឡាញបាន និងគម្រូបង្ហាញ (Mock-up Design) ដែលស្របទៅនឹងការអនុវត្តល្អជាអន្តរជាតិ។

លោកប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងបានស្នើឲ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ បន្តពិនិត្យពិភាក្សាផ្ទៃក្នុងលើផ្នែកពាក់ព័ន្ធរៀងៗខ្លួន និងផ្តល់មតិយោបល់កែលម្អ ដើម្បីជាធាតុចូលបន្ថែមទៀត សំដៅកែលម្អលទ្ធផលនៃការសិក្សានេះ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានឲ្យអ្នកជំនាញក្រុមហ៊ុន VCC បន្តរៀបចំអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ នេះ។ ជាកិច្ចបញ្ចប់ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការនិងការគាំទ្រជាវិជ្ជមាន នាពេលកន្លងមក និងបានណែនាំឲ្យសមាជិកនៃក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ទាំងអស់ បន្តប្រឹងប្រែងចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តការងារជាមួយអ្នកជំនាញក្រុមហ៊ុន VCC ដើម្បីអាចសម្រេចបាននូវប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ តាមពេលវេលាដែលបានគ្រោងទុក សំដៅជំរុញបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង