ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម គង់ សោភ័ណ្ឌ ដោះស្រាយ ករណីការឃាត់សួរ ការដឹកជញ្ជូនការសាច់សត្វពពែ ដោយគ្មានលិខិតអនុញ្ញាតរបស់ បងប្អូនខ្មែរឥស្លាម

429

 

ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះដោះស្រាយ ករណីការឃាត់សួរ ការដឹកជញ្ជូនការសាច់សត្វពពែ ដោយគ្មានលិខិតអនុញ្ញាតរបស់ បងប្អូនខ្មែរឥស្លាមចំនួន២៥គ្រួសារ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល នារសៀលថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នៅសាលាស្រុកពញ៉ាឮ។

ឯកឧត្ដម បានឲ្យដឹងថា ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការហាមឃាត់ឃាំងនោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។

ការសម្របសម្រួលដោះស្រាយបានសំណូមពរ ដល់ម្ចាស់សត្តឃាតដ្ឋានយកកម្រៃសេវា តម្លៃ ៤,០០០រៀលក្នុង០១ក្បាល ដោយមានអុស ខ្ទះ និងប្រកបដោយអនាម័យត្រឹមត្រូវ។

ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា “ចំពោះសំណូមពររបស់ម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករ លើបញ្ហានេះ ខ្ញុំបាទនឹងធ្វើរបាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ”៕

 

អត្ថបទដែលជាប់ទាក់ទង