ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែក លើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ លើគ្រប់ផ្នែកទាំងអស់ នៃខ្សែសង្វាក់ផ្គត់ផ្គង់

78

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាទេសចរណ៍ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ ដែលត្រូវបានប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិបន្ន (TOURISM FOR INCLUSIVE GROWTH)។

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេច មានក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយនៅលើពិភពលោក ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន (Tourism for Inelusive Growth) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ បានថ្លែងថា ជាការពិតណាស់ វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងទទួលរង ផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣% ដែលធ្វើឱ្យប៉ះពាល់ ការងារផ្ទាល់ពី១០០ ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែក នៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១ នេះ។

ជាការចូលរួមដោះស្រាយ រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចុះអនុវត្តកម្មវិធីជួយសង្គ្រោះ និងកម្មវិធី សាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀត រួមទាំងប្រជា ពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ហើយដែលវិធានអន្តរាគមន៍នេះទទួល បានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឺងម៉ាត់ ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញ អនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន”៣កុំ , ៣ការពារ” ដើម្បីជាមូលដ្ឋាននៃការបើក សកម្មភាពសេដ្ឋកិច្ចនិងសង្គមពេញលេញឡើងវិញ ជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុស ត្រូវខ្ពស់។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ដែល បានសហការជាមួយក្រសួងទេសចរណ៍រៀបចំ និងអនុវត្តវិធានសុវត្ថិភាពនិងអនាម័យសម្រាប់អាជីវកម្ម ទេសចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍ សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេោ ក៏សូមកោតសរសើរ ផងដែរចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប និងផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តមណ្ឌលគិរី ដែលជាការគិតគូរមួយទាន់ពេលវេលានិងមានលក្ខណៈបុរសកម្ម ដើម្បីជាត្រីវិស័យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ឆ្លងកាត់វិបត្តិកូវីដ-១៩នេះ យើងមើលឃើញកាន់តែច្បាស់អំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការបង្កើតចំណូលនិងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌និងធម្មជាតិ ព្រមទាំងចូលរួមបង្កើតការងារ និងចំណូលក្នុងវិស័យ ពាក់ព័ន្ធផ្សេងៗទៀត។ ដោយផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែងនិងលក្ខណៈជាអន្តរវិស័យ វិស័យទេសចរណ៍ នឹងក្លាយជាសសរស្ដម្ភមួយកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី កំណើនប្រកបដោយបរិយាបន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សូមចែករំលែកការយល់ឃើញនិងគូសបញ្ជាក់នូវយុទ្ធសាស្ត អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ ដូចតទៅ៖

១- យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹង ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ ឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាលទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការ
រៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។

២- កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់ វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី៤ ទៅ៥ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍ ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈ ការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ចក្នុងវិស័យទេសចរណ៍កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។

៣- វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញ នៃវិស័យទេសចរណ៍ នាពេលខាងមុខ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមនិងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព។

៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ ខ្ញុំយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺ ការគិតគូរអំពីសុវត្ថិភាព និងផាសុកភាពនឹងក្លាយជាកត្តាអាទិភាព ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅ ធ្វើដំណើរកំសាន្ត។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើក ឡើងវិញ និងពេលអនាគត។

បច្ចុប្បន្ន ទោះជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងនៅកម្ពុជា យើងនៅតែស្ថិតក្នុងភាព ផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាលនិងសុខាភិបាលតទៅទៀត ដោយ សេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនិងសង្គម ផ្សេងៗទៀតឡើងវិញប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង