ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី សម្រេចបិទខ្ទប់វត្តចំពុះក្អែករយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញារហូតដល់ថ្ងៃទី៦ ខែតុលា ក្រោយពីផ្ទុះជម្ងឺកូវីដ-១៩

66

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់មិនឱ្យចេញចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះ៖ក្អែក) ស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រយៈពេល ១៤ (ដប់បួន) ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាម ព្រះថេរៈដីការបស់ សម្ដេចព្រះពោធិ៍វង្ស អំលឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ ក្រោយពីអារាមវត្តនេះបានឆ្លងរីករាលដាលជម្ងឺកូវីដ១៩។

   នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅរាត្រីថ្ងៃទី២៣កញ្ញានេះ ដែលក្នុងសេចក្តីសំរេចនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេច

បិទខ្ទប់មិនឱ្យមានការចេញចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះ៖ក្អែក) មានទីតាំងស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាម ព្រះថេរៈដីការបស់សម្ដេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ។

   ព្រះសង្ឃ អាចារ្យអាចារិនី យាយជីតាជី ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនិមន្ត និងអញ្ជើញ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ព្រះចៅអធិការ និងគណៈកម្មការវត្ត ត្រូវនិមន្ត និងអញ្ជើញចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រី ជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងសហការអនុវត្តរាល់ វិធានការរដ្ឋបាលនិងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

   ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការនិមន្ត និងការចេញចូល និងរាល់ការជួបជុំ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងវត្តខាងលើ លើកលែងតែករណីចំាបាច់ ដូចខាងក្រោម ការនិមន្ត និងការចេញចូល ដោយមូលហេតុសុខភាពបន្ទាន់

ការនិមន្ត និងការចេញចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន

ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ សុខាភិបាលក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ការចេញចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ចាំបាច់ ក្នុងអំឡុងពេលបិទខ្ទប់

ការចេញចូល នឹងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រាល់ការនិមន្ត និងការចេញចូល និងការជួបជុំ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ការពារ និង ៣កុំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

  ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌច្បារអំពៅ និង មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បី បង្កើតក្រុមការងារប្រចាំការនៅទីតាំងវត្តដែលត្រូវបិទខ្ចប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការ បិទខ្ទប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍៖

ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ការងារផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងឧបភោគបរិភោគចាំបាច់

ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។

បន្ថែមលើនេះ ក្រុមការងារប្រចាំការ ត្រូវរៀបចំទីកន្លែងសមស្រប នៅខាងមុខខ្លោងទ្វារវត្ត ដើម្បីទទួល យកចង្ហាន់និងទេយ្យវត្ថុទាំងឡាយដែលពុទ្ធបរិស័ទ បាននាំយកមកប្រគេនដល់ព្រះសង្ឃក្នុងទីវត្តអារាមនេះ ដោយ មិនត្រូវអនុញ្ញាតឱ្យមានការចេញចូលក្នុងអំឡុងពេលនៃការបិទខ្ចប់ឡើយ។

  បុគ្គល នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅសា្ថប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

  បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស៕

 

អត្ថបទដែលជាប់ទាក់ទង