ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែទម្រង់រដ្ឋបាលសាធារណៈ គឺមន្រ្តីរាជការប្រកបដោយគុណភាព និងស្ថាប័ន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចភារកិច្ច

295

 

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នជាសមាជិក តំណាងគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ១២០រូប។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួន៣៖ ១)ការប្រកាសសមាសភាព និងរបៀបរបបការងារ ២)ការពិនិត្យ និងសម្រេចសកម្មភាពជាអាទិភាពលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និង៣)បញ្ហាផ្សេងៗ។

ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរំលឹកឡើងវិញ អំពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោយពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន មានជាអាទិ៍ដូចជា៖ ការធ្វើឱ្យមានរដ្ឋបាលឯកភាពមួយគ្មានអាវុធ តាមរយ:នយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការតាមរយៈប្រព័ន្ធពត៌មានវិទ្យា ដោយការធ្វើទំនើបកម្មទិន្នន័យគ្រប់គ្រងបុគ្គលិកនិងបៀវត្ស ការរៀបចំកែសម្រួលរបបប្រាក់បៀវត្សឱ្យមានកម្រិតសមរម្យ និងធានាការបើកប្រាក់បៀវត្សឱ្យបានទៀងទាត់ជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ។

ជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក៏បានសង្កត់ធ្ងន់អំពីគោលបំណងសំខាន់ នៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺមន្រ្តីរាជការប្រកបដោយគុណភាព និងស្ថាប័នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចភារកិច្ច ដើម្បីអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលកូវីដ-១៩។ កិច្វប្រជុំនេះក៏បានពិភាក្សាគ្នាអំពីការជំរុញអនុវត្តជាក់ស្តែងនូវកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរបៀបឌីជីថលនិងការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យាដែលអាចធ្វើបាន៕

អត្ថបទដែលជាប់ទាក់ទង