ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ កុំមើលស្រាលបញ្ហាតូចតាច

322

 

ភ្នំពេញ ៖ វាគ្រាន់តែជារឿងនិទានដ៏សាមញ្ញមួយប៉ុណ្ណោះ តែវាបានបង្កប់នូវគតិអប់រំ ដែលមនុស្សទាំងោឡាយមិនគួរមើល រំលងចំពោះបញ្ហាដែលតូចតាចនោះទេ ។ ក្នុងលំនៅដ្ឋានមួយម្ចាស់ផ្ទះដែលធុញទ្រាន់ ចំពោះការរំខាននៃសត្វកណ្ដុរនោះ គាត់ក៏បានទិញអង្គប់មួយមកដាក់ ក្នុងផ្ទះដើម្បីចាប់សត្វកណ្ដុរទាំងនោះ ។

ដឹងរឿងនេះសត្វកណ្ដុរភ័យស្លន់ស្លោរជាខ្លាំង ក៏ទៅប្រាប់សត្វមាន់ដែលគេចិញ្ចឹម ក្នុងផ្ទះតែមួយថា នែ ! បងមាន់ចាប់ពីថ្ងៃនេះ ទៅសូមបងមាន់ឯងប្រយ័ត្នប្រយែងផង ព្រោះនៅក្នុងផ្ទះយើងពេលនេះ មានអង្គប់ដែលគេដាក់ដើម្បីចាប់ពពួកកណ្ដុរខ្ញុំ ប្រយ័ត្នបងមាន់ឯងភ្លេចខ្លួន ដើរទៅជាប់អង្គប់នោះហ្នា។ សត្វមាន់ក៏ចំអកឲ្យកណ្ដុរថា ៖អ្ហូស!អាហ្នឹងគេទុកចាប់ពពួកកណ្ដុរឯងទេតើ? អង្គប់អញ្ចឹងៗដាក់យើងស្មានតែ
ជាប់អ្ហី ? កណ្ដុរមិនតបតឡើយ តែគេបានទៅនិយាយប្រាប់សត្វជ្រូក និង សត្វគោដូចគេបាននិយាយប្រាប់មាន់ អញ្ចឹងដែរតែអ្វីដែលគេ បានទទួលមកវិញតែត្រឹមពាក្យចំអកប៉ុណ្ណោះ ។

កណ្ដុរក៏ឈប់លែងពិភក្សាជាមួយនរណាទាំងអស់ ។ ថ្ងៃមួយអង្គប់នោះ មិនបានជាប់សត្វកណ្ដុរឡើយ តែបែរជាជាប់សត្វពស់ដែលមានពឹស ។ ពស់ដែលរើខ្លួនចេញពីអង្គប់ មិនរួចនោះបានចឹងដៃម្ចាស់ផ្ទះស្រី ម្ចាស់ផ្ទះប្រុសបន្ទាប់ពីសម្លាប់ពស់នោះ ហើយក៏យកម្ចាស់ផ្ទះស្រីទៅព្យាបាល តែស្ថានភាពពីមួយថ្ងៃទៅ មួយថ្ងៃមិនស្រាកស្រាន្ដសោះឡើយ ។

ម្ចាស់ស្រីចេះតែអស់កម្លាំង ហើយម្ចាស់ប្រុសរវល់តែនៅថែម្ចាស់ស្រី មិនបានចេញទៅរកលុយនោះក្នុងផ្ទះ បានក្លាយជាគ្មានម្ហូបបរិភាគ។ គាត់ក៏សម្រេចចិត្តកាប់មាន់របស់គាត់ យកសាច់ធ្វើជាអាហារតែម្ដងទៅ។ អាការៈរបស់ប្រពន្ធក៏មិនបានធូរស្បើយ ហើយភ្ញៀវមកសួរសុខទុក្ខក៏កាន់តែច្រើន ។គាត់ក៏បង្ខំចិត្តកាប់ជ្រូកគាត់ធ្វើជាម្ហូប ដើម្បីយកមកទទួលភ្ញៀវ ។
មិនយូរប៉ុន្មានភរិយារបស់គាត់ក៏ស្លាប់ ដោយសារពស់ចឹកទៅ ។ដោយគ្មានអ្វីសម្រាប់ធ្វើម្ហូបទទួលភ្ញៀវ ក្នុងពិធីបុណ្យគាត់ក៏សម្រេច សម្លាប់គោយកមកធ្វើជាម្ហូប ។

នេះគឺដោយសារតែអង្គប់មួយ បានធ្វើឲ្យមនុស្សម្នាក់ត្រូវស្លាប់ ជាមួយគ្នានេះសត្វចំនួន៣ក្បាល បានក្លាយជាម្ហូបចំពោះសត្វកណ្ដុរ ដែលគេប៉ងសម្លាប់នោះ បែរជាបន្តរស់នៅក្នុងផ្ទះនោះធ្វើព្រងើយ។
អ្វីៗទាំងនេះគឺបណ្ដាលមកពី មើលស្រាលចំពោះបញ្ហាតូចតាចសូមកុំភ្លេចថា ”សត្វស្រមោចតូចមែនតែវា អាចជួយសត្វដំរីឲ្យរួចផុត ពីការយារយីរបស់ព្រានព្រៃបាន “ ៕


អត្ថបទដែលជាប់ទាក់ទង