ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរព្រមានឲ្យអាជ្ញាកណ្ដាល-ចៅក្រមបញ្ឈប់ការស៊ីចុកជាមួយ

115

​ភ្នំពេញ:ប្រមុខប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានព្រមាននៅព្រឹកថ្ងៃទី៣១កញ្ញាថាឲ្យ
អាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួនបញ្ឈប់ជាបន្ទាន់នូវវប្បធម៌ស៊ីចុកជាមួយគ្រូ ឬម្ចាស់ក្លិបប្រដាល់ដែលមានសិស្សត្រូវឡើងប្រកួត ។

​លោកថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតបើកការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧
ទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ ។លោកបានចាត់ទុកថាវាពិតជាបង្កផលប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រឬ កីឡាករម្ខាងទៀតហេតុនេះករណីនេះ មិនត្រូវបន្តឲ្យកើតមានជាដាច់ខាត ។

​ជាមួយនឹងការព្រមានបែបនេះលោកក៏បានប្រាប់ទៅមន្ត្រីបច្ចេកទេស របស់លោកថាការប្រកាសលទ្ធផលនៃ
គូប្រកួតក្នុងព្រឹត្តិការណ៍ខ្សែត្រូវតែប្រកាសពីឈ្មោះ​​ ចៅក្រមដើម្បីឲ្យគេបានដឹងថាចៅក្រមណាផ្ដល់ពិន្ទុយ៉ាងណាៗ
ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអ្វីៗវាកាន់តែប្រសើរជាងនេះ ។

នេះជាការប្រកួតដោយមិនមានការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយគឺកម្ពុជា និង ថៃស្ថិតនៅពូល
ផ្សេងពីគ្នាហើយអ្នកដែលដណ្ដើមបានចំណាត់ថ្នាក់លេខ ១ នៃពូលនីមួយៗនឹងប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់
ដោយអ្នកដណ្ដើមបានខ្សែក្រវាត់គឺមានរង្វាន់អមចំនួន៥.០០០ដុល្លារ និង ជើងឯករងបាន៣.០០០ដុល្លារ ។

ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា៤រូបគឺឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មានផាត ឆាយ៉ាកភូមិ(Phat ChhayakPhum) ,ផាត ម៉ាហា(Phat Maha) ,ផាត ងិនថង
( Phat Ngenthong) និងផារ ថាណា( Phat Thana) ៕

អត្ថបទដែលជាប់ទាក់ទង