ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ សត្វក្អែក និង សត្វក្ងោក

315

 

ភ្នំពេញ ៖ ពាក្យចាស់លោកបានប្រដៅថាធ្វើជាមនុស្សត្រូវតែត្រអាល នឹង អ្វីដែលខ្លួនមានកុំច្រណែន ជាមួយអ្នកដទៃ ព្រោះគំនិតច្រណែននេះ វាមិនបានធ្វើឲ្យផ្លូវចិត្ត របស់យើងបានសេចក្ដីសុខឡើយ គឺបានត្រឹមតែដេកមិនលក់ និងមានចិត្តរសាប់រសល់តែខ្លួនឯង ។

សត្វក្អែកនរណាក៏ស្គាល់ដែរ វាជាប្រភេទសត្វដែលមនុស្ស មិនសូវផ្ដល់តម្លៃឲ្យវានោះទេ ដោយសារតែវាមានចរឹកលួចត្រី ដែលគេប្រឡាក់ហាលអញ្ចឹង ហើយបានជាគេដៀលថា រូបខ្មៅអាក្រក់ហើយចិត្តអាក្រក់ទៅទៀត ។សូម្បីតែមនុស្សដែលមានចិត្តអាក្រក់ ឬ ឃោរឃៅក៏ត្រូវទទួលរងការដៀលត្មះថា ជាមនុស្សចិត្តក្អែកដែរ ។

នៅក្នុងរឿងនិទានមួយគេបានសរសេរថា សត្វក្អែកបានសំដែងនូវការតូចចិត្តតូច ថ្លើមដោយសារខ្លួនមានពណ៌ខ្មៅ ។ថ្ងៃមួយក្អែកបានឃើញក្ងាន វាក៏ចូលទៅជិតហើយនិយាយ ទៅកាន់សត្វក្ងាននោះថា បងក្ងានឯងមានពណ៌ ស ស្អាតគួរឲ្យច្រណែនណាស់ ខ្ញុំបើមានពណ៌ ស ដូចបងក្ងានឯងមិនដឹងជា សប្បាយចិត្តយ៉ាងណាទេ ។ ក្ងានក៍តបទៅក្អែកវិញដោយសំដី សុភាពថាស្អាតស្អីពណ៌ ស នោះ ។ សត្វសេកឯណោះទេទើបមានពណ៌គួរឲ្យស្រឡាញ់ ។ ឮដូច្នេះក្អែកក៏ចូលទៅជិតសត្វសេក ហើយនិយាយទៅកាន់សេកថា មើលទៅជីវិតបងសេកឯងពិត ជាមានសេចក្ដីសុខណាស់ មានពណ៌ឆោមលោមល្អមិនខ្មៅអាក្រក់ដូចខ្ញុំទេ ។ សេកឮដូច្នោះក៏តបវិញថា ខ្ញុំមានតែពីរពណ៌មានអ្វីអស្ចារ្យទៅ សត្វក្ងោកឯណោះទេ ទើបគេមានពណ៌ឆោមលោមល្អចម្រុះពណ៌ ។

ជាសន្ដានសត្វដែលចូលចិត្តច្រណែន នឹងគេនោះដោយនិយាយទាំងមុខ ស្រងូតស្រងាត់ថាខ្ញុំមានពណ៌ខ្មៅអាក្រក់ណាស់ ប្រសិនជាខ្ញុំមានពណ៌ចម្រុះច្រើនពណ៌ ដូចបងក្ងោកឯងមិនដឹងជា សប្បាយចិត្តយ៉ាងណាឡើយ ។
ឮក្អែកនិយាយបែបនេះក្ងោកឱនមុខចុះសម្រក់ទឹកភ្នែក ដោយនិយាយទាំងអួលដើម ក ថាដោយសារតែមានពណ៌ ឆើតឆាយបែបនេះហើយ ទើបខ្ញុំគ្មានសេរីភាពនឹងគេ ដោយសារតែមនុស្សចាប់ យកមកដាក់ក្នុងទ្រុង ។ បងក្អែកឯងមានពណ៌អាក្រក់មែន តែបងឯងមានសេរីភាព ពេញដើមទ្រូង ។

ក្ងោកខ្ញុំនេះអ្ហ៊េះ ! ទោះបីជាគេដាក់ក្មុងទ្រុងមាស ដាំដោយពេជ្រ ក៏ខ្ញុំនៅតែជាសត្វក្នុងទ្រុង ដែលគ្មានសេរីភាពដែរ ។បងក្អែកឯងត្រូវតែមានមោទនភាព និង ពេញចិត្តចំពោះអ្វីដែលយើងមាន ។
មានសម្បុរស្រស់ល្អតើ ដើម្បីអ្វីទៅបើមួយជីវិត នៅតែក្នុងទ្រុងបែបនេះនោះ ពាក្យថាសេរីភាពគឺគ្មានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង