ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរស្នើឱ្យកន្លែងកម្សាន្ត និងអាជីវកម្មដ្ឋាន ចូលរួមប្រឆាំងបទល្មើសគ្រឿងញៀន

67

ភ្នំពេញ៖កាលពីថ្ងៃទី៣១ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញ
បានអញ្ជើញអ្នកពាក់ព័ន្ធ រួមមានអាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ ក្លឹបកម្សាន និងអាជីវកម្មដ្ឋានទាំងអស់ ក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ មកជួបជុំគ្នា ដើម្បីចូលរួមប្រឆាំងបទល្មើសគ្រឿងញៀន ដែលបាននិងកំពុងយាយីមកលើប្រទេសកម្ពុជា ក៏ដូចជា បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកមាន ចាន់យ៉ាដា និងលោកហួតហៃ អភិបាលរងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការងារប្រឆាំងបទល្មើសគ្រឿងញៀន មិនមែនជាបន្ទុករបស់ស្ថាប័នណាមួយ ឬ បុគ្គលណាម្នាក់នោះទេ វាគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ យុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន ទទួលជោគជ័យទៅបាន ចាំបាច់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ម្ចាស់ក្លឹបកម្សាន និងអាជីវកម្មដ្ឋានទាំងអស់ រួមសហការ ជាមួយកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់នូវរាល់បទល្មើសគ្រឿងញៀន ។ ព្រោះថា បច្ចុប្បន្ននេះ ជនល្មើសបានប្រើប្រាស់មធ្យោបាយ ជួញដូរ ចរាចរ គ្រឿងញៀនគ្រប់រូបភាព ជាពិសេស នៅតាមក្លឹបកម្សាន និងអាជីវកម្មដ្ឋានមួយចំនួន។
លោកអភិបាលរងរាជធានីបានបញ្ជាក់ថា៖ដើម្បីឱ្យការងារប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់ក្លឹបកំសាន្ត និង អាជីវកម្មដ្ឋានទាំងអស់ សន្យាជាដាច់ខាត ត្រូវតែចូលរួម សហការ និងរាយការណ៍ នៅពេលមានការសង្ស័យណាមួយ មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្រ្កាបឱ្យបានទាន់ពេលវេលា។

លោកបន្តទៀតថា៖ទាក់ទិននឹងបទល្មើសគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានខ្លាំងៗ ទៅកាន់ម្ចាស់កន្លែងកម្សាន្តថា នឹងត្រូវប្រឈមមុខផ្លូវច្បាប់ និងបិទអាជីវកម្មរបស់ខ្លួនថែមទៀត ប្រសិនបើសមត្ថកិច្ចរកឃើញ មានការចែកចាយគ្រឿងញៀន។ ការព្រមានដូច្នេះ បានធ្វើឡើងនៅក្នុងវេទិកាអន្តរសាសនា ថ្នាក់ជាតិលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃម្សិលមិញនេះ។ លើសពីនេះ សម្តេចក្រឡាហោម ក៏បានបញ្ជាឲ្យចៅហ្វាយក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប យកចិត្តទុកដាក់បង្រ្កាបការចែកចាយគ្រឿងញៀន នៅតាមក្លឹបកម្សាន្តនានាឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរលោកមាន ចាន់យ៉ាដា បានលើកឡើងថា៖ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ការចុះទៅបង្រ្កាបរបស់សមត្ថកិច្ច គឺមិនមែនទៅបង្ក្រាបកន្លែងកម្សាន្តនោះទេ ប៉ុន្តែគឺបង្រ្កាបការចែកចាយគ្រឿងញៀនប៉ុណ្ណោះ។ សម្តេចក្រឡាហោមពន្យល់ថា ការបើកអាជីវកម្មកន្លែងកម្សាន្ត គឺច្បាប់អនុញ្ញាត តែការបណ្តោយឲ្យមានចែកចាយគ្រឿងញៀន គឺជារឿងខុសច្បាប់ដាច់ដោយឡែកពីគ្នា។

គួរកត់សម្គាល់ថា ការព្រមានខ្លាំងៗ ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នាពេលនេះ ធ្វើឡើងស្របពេលដែលកន្លែងកម្សាន្តមួយចំនួន ត្រូវបានគេមើលឃើញថា បានបើកដៃឲ្យមានចែកចាយ និងប្រើប្រាស់គ្រឿងញឿន ដោយសេរី និងយ៉ាងអាណាធិបតេយ្យ។ បើទោះជាពេលកន្លងមក អាជ្ញាធរកម្ពុជា បានឆ្មក់ចុះបង្រ្កាបខ្លះដែរ ប៉ុន្តែនៅតែមានការប្រើប្រាស់ជាហូរហែង គួរឱ្យព្រួយបារម្មណ៍។
គួរបញ្ជាក់ទៀតថា គិតចាប់ថ្ងៃទី១ ខែមករា ដល់ទី៣០ ខែសីហា ឆ្នាំ២០១៨ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសគ្រឿងញៀន បានចំនួនជាង៥ពាន់ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន១ម៉ឺន១៥៧នាក់ មាន១៥សញ្ជាតិ។ ក្នុងនោះ ការជួញដូរ រក្សាទុក កែច្នៃ និងចាត់ចែងដាំដុះ មានជាង៣ពាន់ករណី ការប្រើប្រាស់មានជិត២ពាន់ករណី និងអនុវត្តតាមដីកាតុលាការចំនួន១៦០ដីកា៕

អត្ថបទដែលជាប់ទាក់ទង