ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ៖ ពេញមួយខែកញ្ញា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀន សរុបចំនួន ៥៣៩ករណី ចាប់យកគ្រឿងញៀន សរុបចំនួនជាង២៦គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០៣៩នាក់ ស្រី៧៣នាក់

36

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហោះសារនៅលើផេកហ្វេសបុកផ្លូវការរបស់សម្តេច ពាក់ព័ន្ធកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន របស់កងកម្លាំងមានសមត្ថកិច្ច ក្នុងរយៈពេលពេញមួយខែកញ្ញា ដោយមានខ្លឹមសារថា ៖
សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិជាថ្មីទៀត អំពី លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ គឺក្នុងរយៈពេលពេញមួយខែនោះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន៥៣៩ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៤៤០ករណី កើនលើស៩៩ករណី ស្មើនឹង២២,៥ភាគរយ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខែកញ្ញាឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួនជាង២៦គីឡូក្រាម ធៀបនឹងខែសីហា ឆ្នាំ២០២១ មានជាង៥៧គីឡូក្រាម ថយចុះជាង៣១គីឡូក្រាម ស្មើនឹងជាង៥៤ភាគរយ។ គ្រឿងញៀនបង្ក្រាបបានរួមមាន មេតំហ្វេតាមីនក្រាមម្សៅ ជាង១៣គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ជាង១៣១ក្រាម អ៊ិចស្តាស៊ីជាង៨គីឡូក្រាម កេតាមីនជាង១គីឡូក្រាម Nimetazepam ជាង១គីឡូក្រាម សាធាតុគីមីផ្សំជាង៤គីឡូក្រាម និងកញ្ឆាស្ងួតជាង៤គីឡូក្រាម។
ក្នុងចំណោមបទល្មើសគ្រឿងញៀននោះ មានករណីជួញដូរ រក្សាទុក៤៦៣ករណី ករណីប្រើប្រាស់៧៥ករណី ករណីសំយោគ កែច្នៃ១ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០៣៩នាក់ ស្រី៧៣នាក់ ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៨៦១នាក់ កើនលើស១៧៨នាក់ ស្មើនឹង២០,៦ភាគរយ ក្នុងនោះជនស្ស័យជួញដូរ រក្សាទុក៨៣២ករណី ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២០៥នាក់ ជនសង្ស័យសំយោគ កែច្នៃ២នាក់។ មានជនបរទេស៤១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះដែរ។
ក្នុងចំណោមបទល្មើសគ្រឿងញៀន៥៣៩ករណីនោះ ករណីគ្រឿងញៀនធំៗដែលមានប្រភពចរាចរណ៍ឆ្លងកាត់តាមច្រកព្រំដែនគោកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃើញ និងបង្ក្រាបបានចាប់ពី១គីឡូក្រាមឡើងទៅមានចំនួន៤ករណី ស្មើនឹង៤ក្រុម ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនសរុបបានជាង១៦គីឡូក្រាម និងសាធាតុគីមីផ្សំបានជង៤គីឡូក្រាម។
នៅក្នុងខែកញ្ញានោះដែរ សមត្ថកិច្ចក៏បានអនុវត្តវិធានការរដ្ឋបាលបានចំនួន១៣១លើក បានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្ដាប់ការណែនាំចំនួន២៨លើក ស្មើនឹង៦៥៧នាក់ ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន១០៣លើក និង១គោលដៅ ចុះធ្វើតេស្តរកសាធាតុញៀនក្មេងទំនើង ជនមានតម្រុយប្រើប្រាស់គ្រឿងញៀន និងឆ្មក់ត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ ដឹកកម្មករ ដឹកអ្នកដំណើរ បុគ្គលិកកំសាន្ត កាស៊ីណូ សណ្ឋាគារ ខារ៉ាអូខេ សរុប៥០លើក ស្មើនឹង១៣៤នាក់ រកឃើញអ្នកផ្ទុកសាធាតុញៀន៤៨នាក់យកទៅទទួលសេវាបន្សាប និងព្យាបាល។
ជនរួមជាតិជាទីគោរព! ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ខ្ញុំសូមសម្ដែនូវការកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាល្អក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន។
ជាថ្មីម្ដងទៀត ខ្ញុំសូមផ្ញើសារជូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ គឺ៖
– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច …ដើម្បីយើងអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង