ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២០ធ្នូ២០២១ ចាប់ផ្ដើមរាប់ថយក្រោយ ចំនួន៥០០ថ្ងៃ សម្រាប់ស៊ីហ្គេមនៅកម្ពុជា

19

ភ្នំពេញ៖ថ្ងៃទី២០ធ្នូឆ្នាំ២០២១ខាងមុខនេះកម្ពុជានឹងចាប់ផ្ដើមរាប់ថយក្រោយចំនួន៥០០ថ្ងៃ”Countdown”សម្រាប់ការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារ៍ទី២៦ ខែតុលា ឆ្នាំ២០២១ ដោយផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។ក្នុងនោះក៏មានកម្មវិធីសម្រាប់សម្ភោធន៍ពហុកីឡដ្ឋានជាតិមរតកតេជោនិងកម្មវិធីរាប់ថយក្រោយចំនួន៥០០ថ្ងៃសម្រាប់ស៊ីហ្គេម ។

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOCបានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំនេះថា«កិច្ចប្រជុំប្រចាំសប្តាហ៍
នេះផ្តោតសំខាន់លើការពង្រឹងការងារតាមដាននិងវាយតម្លៃក្រោមការដឹកនាំអង្គប្រជុំពីឯកឧត្តមបណ្ឌិតថោងខុនដើម្បីត្រួតពិនិត្យគ្រប់លក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ថ្ងៃនេះឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យគណៈកម្មការជំនាញ ដែលត្រៀមទទួលការផ្ទេទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ បង្ហាញវឌ្ឍនភាពលម្អិត ដើម្បីត្រៀមទទួលទង់ និងសម្តែងទស្សនីយភាពសិល្បៈស្វាគមន៍ភ្ញៀវឆ្ពោះមកស៊ីហ្គេម នៅកម្ពុជា»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានកំណត់យក៤០ប្រភេទកីឡា ដែលជាង ៥០០វិញ្ញាសា ខណៈកម្ពុជាកំពុងត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនពីចន្លោះ៣២ទៅ៣៣ប្រភេទកីឡា ហើយក្នុងនោះប្រភេទកីឡារបស់កម្ពុជាភាកច្រើន គឺមានសក្តានុពលខ្ពស់ៗដែលអាចឈានដល់កម្រិតមេដាយផងដែរ។

ដូច្នេះហើយឯកឧត្តមបណ្ឌិតថោងខុនបានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវពង្រឹងគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ពីព្រោះស៊ីហ្គេម លើកទី៣១នេះ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនពីការត្រៀមខ្លួនរបស់សហព័ន្ធកីឡាជាតិនានាត្រៀមចូលរួមប្រកួតប្រជែងមេដាយក្នុង ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយពីម្ចាស់ផ្ទះមួយនេះបានប្រកាសពីជំហរច្បាស់លាស់ និងបញ្ជាក់ការរៀបចំ និងកំណត់យកក្នុងខែឧសភា ឆ្នាំ២០២២ ឡើងវិញ ពីព្រោះកន្លងទៅនោះ ម្ចាស់ផ្ទះ ស៊ីហ្គេម បានពន្យាពេល ពីឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយ នៅថ្ងៃនេះ យើងបានបញ្ជាក់បន្ថែមពីភាពច្បាស់លាស់នេះជូនដល់សហព័ន្ធកីឡាជាតិកម្ពុជានានា ក្នុងការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ជាថ្មី។

ចំពោះគម្រោងចូលរួមក្នុងពិធីទទួលទង់ស៊ីហ្គេម និងកម្មវិធីសម្តែងសិល្បៈ វប្បធម៌ និងកីឡា ពីម្ចាស់ផ្ទះវៀតណាម បន្តវេនមកព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តមបណ្ឌិត ថោង ខុន បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញ ក្នុងការតាក់តែងកម្មវិធីនេះ ដែលមានរយៈពេល ១០នាទី ប៉ុន្តែមានខ្លឹមសារសំខាន់ស៊ីជម្រៅ ដើម្បីទទួលស្វាគមន៍ ទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងភ្ញៀវអន្តរជាតិមកចូលរួមក្នុងស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

កម្មវិធីសម្តែងនេះមានរាប់បញ្ជូលទាំងការសម្តែងទស្សនីយភាពសិល្បៈចម្រៀងវប្បធម៌និងកីឡាដែលកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយៗដល់ពេលបិទពិធីស៊ីហ្គេម នៅវៀតណាមនោះ គឺក្រុមកម្ពុជានឹងសហការជាមួយម្ចាស់ផ្ទះវៀតណាមធ្វើកិច្ចការនេះដោយផ្ទាល់ ៕

អត្ថបទដែលជាប់ទាក់ទង