ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ៖ ប្រយ័ត្នមិត្តភាពដែល លាក់កាំបិតក្រោយខ្នង

328

ពាក្យថា”មិត្តភាព “វាស្រួលអាន និង ស្រួលសរសេរណាស់ ហើយការបង្កើតនូវមិត្តភាពក៏មិនជាលំបាកដែរ តែបើមិត្តភាពនោះវាពិត ឬ ក្លែងក្លាយ ហើយប្រសិនបើមានមិត្តភាពពិតនោះតើគួររក្សាវាយ៉ាងណាដើម្បីឲ្យបានគង់វង្ស ?មិនខ្វះទេមិត្តភាពរបៀបចាប់ដៃជានជើង ហើយក៏មិនខ្វះដែរចំពោះមិត្តភាពដែលលួចលាក់កាំបិតពីក្រោយខ្នង ដែលនេះគេហៅថាជាមិត្តភាពក្លែងក្លាយចាំឆ្លៀតឧិកាសដើម្បីស៊ីមិត្តខ្លួនឯង ។ តែទោះជាយ៉ាងណាអ្នកដែលសាងអាក្រក់លើមិត្តរបស់ខ្លួនក៏គង់តែបានទទួលនូវបាបកម្មមកវិញស្រដៀងគ្នានឹងទង្វើដែលខ្លួនបានធ្វើចំពោះមិត្តរបស់ខ្លួនដែរ ។
សមដូចរឿងមួយតំណាលថា សត្វកញ្ជ្រោង និង សត្វខ្លែងបានរាប់អានគ្នាជាមិត្ត ដោយសន្យាថាស្មោះត្រង់ជាមួយគ្នានិងជួយគ្នាទៅវិញទៅមក ។ មិនតែប៉ុណ្ណោះពួកគេក៏បបួលគ្នាទៅរស់នៅក្បែរគ្នានាព្រៃធំមួយដោយសត្វខ្លែងរស់នៅលើដើមឈើចំពោះកញ្ជ្រោងធ្វើរន្ធមួយរស់នៅក្រោមដើមឈើនោះ ។
មួយរយៈក្រោយមកកញ្ជ្រោងកើតកូន ហើយរៀងរាល់ព្រឹកមុននឹងចេញទៅរកចំណីកញ្ជ្រោងតែងតែផ្ដាំទៅខ្លែងឲ្យជួយមើលថែរក្សាកូនរបស់ខ្លួនផង។លុះកូនកញ្ជ្រោងនោះធំៗបន្តិចនៅពេលដែលម្ដាយវាចេញទៅរកចំណីវាតែងតែបបួលគ្នាចេញមករត់លេងនៅខាងក្រៅរន្ធឈើ ។ចំពោះសត្វក្លែងក៏កើតកូនបានមួយសម្បុកដែរ ។ ថ្ងៃមួយដោយសារតែខ្ជិលចេញទៅរកចំណីខ្លែងក៏លួចចាប់កូនកញ្ជ្រោងឲ្យកូនៗរបស់វាស៊ីទាល់តែអស់ ។កញ្ជ្រោងត្រឡប់មកវិញរកកូនមិនឃើញ ក៏សួរទៅខ្លែងតែសត្វខ្លែងប្រាប់ថាមិនដឹងឡើយ ។
កញ្ជ្រោងមានការអស់សង្ឃឹម និងកើតទុក្ខយ៉ាងខ្លាំង ។រំលងបានប៉ុន្មានថ្ងៃកញ្ជ្រោងបានដឹងថាកូនរបស់ខ្លួនត្រូវខ្លែងចាប់កូនរបស់វាស៊ីជាអាហារ ។
ក្រោយពីដឹងរឿងនេះកញ្ជ្រោងក៏ដើរចេញដោយឈប់រស់នៅជិតសត្វខ្លែងបន្តទៅទៀត ។ប៉ុន្មានខែក្រោយមកមានអ្នកស្រុកយកមាន់មកសែននៅក្បែរដើមឈើធំនោះ ។ពេលអ្នកស្រុកចាកចេញបាត់ខ្លែងនោះទៅឆាបលួចយកមាន់សែននោះក្នុងខណៈដែលភ្លើងធូបមិនទាន់ទាំងរលត់ផង ។
ខ្លែងយកមាន់ទៅហែកបញ្ចុកកូន ឯភ្លើងធូបបានឆេះសម្បុកនោះខ្ទេចធ្វើឲ្យកូនៗរបស់សត្វក្លែងនោះស្លាប់គ្មានសល់អ្វីទាំងអស់ ។
នេះគេហៅថាមិត្តភាពលាក់គំនួច ដោយលួចកាន់កាំបិតពីក្រោយខ្នង ។លួចស៊ីកូនមិត្តភ័ក្តិដោយក្ដីស្រេកឃ្លាន ទីបំផុតកូនរបស់ខ្លួនត្រូវស្លាប់ដោយសារការលោភលន់របស់ខ្លួនវិញ ៕

អត្ថបទដែលជាប់ទាក់ទង