ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គសាពត៌មានជំរុញ ការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

70

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានបើកវគ្គសិក្សាមួយនាព្រឹកថ្ងៃទី១វិច្ឆិកាដើម្បីជំរុញការផ្សព្វផ្សាយស៊ី
ហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ស្តីពីតួនាទីសារពត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣( CAMSOC )មានប្រសាសន៍ថា វគ្គសិក្សានេះ ត្រូវបានបង្កើតឡើង ដើម្បីជំរុញដល់ការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ០២៣ឲ្យទទួលបានជោគជ័យ ក្រោមការអនុញ្ញាតជាគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។ នេះជាវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្របតាមផែនការមេ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ CAMSOC ដើម្បីលើកកម្ពស់បន្ថែមដល់ការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ ក៏ដូចជាបន្ថែមនូវគុណតម្លៃដល់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានចាត់ទុកថាសារពត៌មានគឺជាផ្នែកដ៏សំខាន់ក្នុងការជ្រោមជ្រែងដល់ការផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍មួយឲ្យកាន់តែល្បីល្បាញទាំងថ្នាក់ជាតិនិងអន្តរជាតិ។បើសិនជាគ្មានសារពត៌មានមិនបានចូលរួមផ្សព្វផ្សាយដល់ព្រឹត្តិការណ៍កីឡាណាមួយនោះទេ នោះនឹងធ្វើឲ្យព្រឹត្តិការណ៍នោះខ្វះគ្រឿងផ្សំ។ ដូច្នេះ ការប្រកួតកីឡាអាចរីកចម្រើន ឬអាចទទួលបានការគាំទ្រពីមហាជន និងពីមនុស្សជាតិនៅលើពិភពលោកនេះទៅបាន អាស្រ័យដោយមានការចូលរួមផ្សព្វផ្សាយពីពីគុណតម្លៃពីបណ្តាសារព័ត៌មាននេះហើយ។

អាចក្លាយទៅជាអ្នកសារពត៌មានកីឡាបានគឺយើងត្រូវដាក់បេះដូងទៅជាកីឡាករសិនបើកាលណាអ្នកនិពន្ធព័ត៌មានកីឡាដាក់បេះដូចក្នុងភាពជាកីឡាករគឺអ្នកសារព័ត៌មានកីឡាទាំងអស់អាចនិពន្ធអត្ថបទឬអត្ថាធិប្បាយបាននូវព័ត៌មានកីឡាប្រកដោយវិជ្ជាជីវៈនិងស៊ីជម្រៅល្អ។ ជាមួយគ្នានោះ អ្នកសារព័ត៌មានកីឡា ក៏ត្រូវស្គាល់អំពីគុណតម្លៃ គោលដៅ និងគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) នៃវិស័យកីឡាដែរ ដើម្បីធ្វើឲ្យគុណតម្លៃកីឡាអាចត្រូវបានបញ្រ្ជាបការផ្សព្វផ្សាយទៅកាន់មហាជនប្រកបដោយវិជ្ជាជីវៈច្បាស់ លាស់ និងត្រឹមត្រូវតាមគោលការណ៍កីឡា។ ជាមួយគ្នានោះអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់នោះឡើយ ដូច្នេះហើយឯកឧត្តម វ៉ាត់ ចំរើន ស្នើឲ្យអ្នកទាំងអស់គ្នាស្វែងយល់អំពីតួនាទីភារៈកិច្ចកាតព្វកិច្ចរបស់ខ្លួនក្នុងគោលដៅជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះនេះទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាលើកឡើងថា នេះជាវគ្គដ៏សំខាន់មួយនៃវិស័យសារព័ត៌មានកីឡា ដើម្បីជំរុញដល់ការផ្សព្វផ្សាយដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ក្នុងនាមក្លិបអ្នកកាសែតកម្ពុជាខ្ញុំពិតជារីករាយជាខ្លាំងដែលឃើញវគ្គសិក្សានេះត្រូវបានបង្កើតឡើងហើយមានសិក្ខាកាមជាអ្នកសារព័ត៌មានជិត១០០នាក់ ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រនេះ។ ខ្ញុំជឿជាក់ថា តាមរយៈវគ្គសិក្សា ក្រោមកិច្ចសហការរបស់មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងគណៈកម្មាធិការជាតិCAMSOCនាពេលនេះនឹងជួយបង្កើនសមត្ថភាពក្នុងការរាយការព័ត៌មានកីឡាការផ្សព្វផ្សាយព័ត៌មានកីឡាឲ្យកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងបើកវគ្គសិក្សានេះ ទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ពីលោក ការិម៉ាតា អាត្សឹស៊ី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ ប្រធានការិយាល័យទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងអ្នកថ្នាក់ដឹកនាំពាក់ព័ន្ធនឹងវិស័យសារព័ត៌មានកីឡាជាច្រើនរូបទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង