ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូ គូ្របង្វឹក និងអត្តពលិក១២នាក់ ចូលរូមព្រឹត្តិការណ៍ ការប្រកួតជើងឯកប៉េតង់ពិភពលោកនៅ អេស្ប៉ាញនាខែនេះ

118

 

ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន១២នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នឹងមានការរៀបចំឡើងចំនួន៣ជើងឯកពិភពលោកចូលគ្នាតែម្តងនៅទីក្រុង Santa ប្រទេសអេស្ប៉ាញដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អ៊ឹម ផាត គ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសអេស្ប៉ាញបែកចែកចេញជា៣ព្រឹត្តិការណ៍ គឺនារី បុរស និងយុវជន ចំណែកកម្ពុជាយើងត្រៀមនឹងបញ្ជូនតែប្រភេទ២ទេ គឺបុរស និងនារី លើក២វិញ្ញាសា ៣ទល់៣ និងវាយយកពិន្ទុ ក្រោមការដឹកនាំដោយលោក សុខ សប្បាយណា ជាប្រធានប្រតិភូ និងលោក អ៊ិន គឹមស្រ៊ិន អនុប្រធានប្រតិភូ។

លោកគ្រូបង្វឹកបន្តថា ចំពោះកីឡាករមានចំនួន៤នាក់គឺកីឡាករ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង។ ចំពោះបុរសប្រកួតលើ២វិញ្ញសាគឺ៣នាក់ទល់៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ហើយវិញ្ញាសាវាយយកពិន្ទុគឺកីឡាករ សុខ ចាន់មាន ដោយសារកីឡាករ សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦ លើវិញ្ញសាវាយយកពិន្ទុ។

លោក សុខ ម៉ុង គ្រូបង្វឹកនារីក៏បានប្រាប់ឲ្យដឹងថា កីឡាការិនីមានចំនួន៤នាក់គឺកីឡាការិនីរួមមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ ចំពោះនារីប្រកួតលើ២វិញ្ញសាគឺ៣នាក់ទល់៣នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី ហើយកីឡាការិនី អ៊ុក ស្រីមុំ ជាអតីតម្ចាស់មេដាយមាសពិភពលោកលើវិញ្ញសានារី១នាក់ទល់១នាក់។

បញ្ជាក់៖កម្ពុជាដណ្តើមបានមេដាយមាសកម្រិតពិភពលោកជាច្រើនគ្រឿងមកហើយដូចជាវិរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាសពិភពលោក វិញ្ញាសានារី៣នាក់ទល់៣នាក់ ម្ចាស់មេដាយសំរិទ្ធនៅប្រទេសចិន វិញ្ញាសាចម្រុះបុរស និងនារី ម្ចាស់មេដាយប្រាក់គឺកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងវិញ្ញាសាបុរស៣នាក់ទល់៣នាក់ធ្លាប់ឡើង៨ក្រុម៕

អត្ថបទដែលជាប់ទាក់ទង