ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកនឹងរៀបចំ ការប្រកួតចម្ងាយឆ្ងាយ ២វិញ្ញាសា

68

ភ្នំពេញ៖ខណ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនប្រកាសអនុញ្ញាតបើកឲ្យដំណើរការទូទាំងប្រទេសលើគ្រប់វិ
ស័យឡើងវិញកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១សហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយជ្រើសរើសជើងឯក (Open Water) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោកហែមគីរីគូសបញ្ជាក់ថាបន្ទាប់ពីមានការអនុញ្ញាតបើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងនោះ គឺយើងនឹងរៀបចំការប្រកួតហែលទឹកទីឆ្ងាយបុរស-នារីលើ២វិញ្ញាសាប៉ុន្តែមិនបើកទូលាយទេដោយសហព័ន្ធអនុវត្តតាមវិធានការសុខាភិបាលដដែល។

ការរៀបចំការប្រកួតនេះ ត្រូវបានលោកអគ្គលេខាធិការលើកឡើងថា គឺដើម្បីបំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជាឲ្យ កាន់តែផុសផុលឡើងជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួត។

វិញ្ញាសាដែលនឹងដាក់ឲ្យប្រកួត គឺសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ខណៈប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ ជាទូទៅគេរៀបចំការប្រកួតនៅតាមបឹង ទន្លេ ឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបសហព័ន្ធសម្រេចរៀបចំការប្រកួតនៅអាងហែលទឹកជំនួសវិញ។ ម្យ៉ាងទៀតការប្រកួតនេះអនុញ្ញាតឲ្យតែកីឡាករកីឡាការិនីជម្រើសជាតិ ដែលហ្វឹកហាត់បិទខ្ទប់នៅទីនោះប៉ុណ្ណោះ។ នៅពេលខាងមុខ សហព័ន្ធនឹង ព្យាយាមរៀបចំការប្រកួតលើវិញ្ញាសានេះតាមស្តង់ដារអន្តរជាតិ។

តាមពិតទៅវិញ្ញាសាហែលទឹកទីឆ្ងាយនេះ សហព័ន្ធធ្លាប់បានរៀបចំការប្រកួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចំនួន ៣លើករួចមកហើយ ដូចជានៅក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅក្នុងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ សហព័ន្ធគ្រោងនឹងរៀបចំហែលទីឆ្ងាយនេះ ត្រឹម៥គីឡូម៉ែត្រ (បុរស) សិន ហើយនាពេលខាងមុខ នឹងព្យាយាមឲ្យបានច្រើនគីឡូម៉ែត្របន្ថែម ពីព្រោះកម្រិតការប្រកួតស្តង់ដារអន្តរជាតិនេះ មានរហូតដល់១០គីឡូម៉ែត្រ។

លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឲ្យមានធនធានឲ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង