ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានមោទនភាព ចំពោះការទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីលុបចោល២លើកចុងក្រោយ

59

ភ្នំពេញ៖ កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចំនួន២លើកចុងក្រោយនេះ ត្រូវបានលុបចោល។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នាល្ងាចថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

សូមបញ្ជាក់ថាអាស៊ានប៉ារ៉ាហ្គេម ២លើកចុងក្រោយដែលលុបចោលនេះ គឺទី១ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងលើកទី២ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខ។ កម្ពុជាមានមោទនភាព ដែលខ្លួនកំពុងសម្រួចគោលដៅប្រកបដោយភាពជឿជាក់ក្នុងការរៀបចំឡើងវិញ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អាស៊ានប៉ារ៉ាហ្គេម ២លើកនេះ ម្ចាស់ផ្ទះមិនធ្វើដោយលុបចោលតែម្តង ប៉ុន្តែពេលដល់វេនកម្ពុជា គឺយើងរៀបចំធ្វើ។

ឯកឧត្តមអគ្គលេខធិការ សង្កត់ធ្ងន់ថា ជាធម្មតា ការប្រកួតកីឡាជនពិការនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ការប្រកួតស៊ីហ្គេម ប្រមាណ២សប្តាហ៍ រៀងរាល់២ឆ្នាំម្តង។ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ CAMSOC បានធ្វើផែនការលម្អិត ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជនពិការ ដោយកំណត់ជាគោលការណ៍ចំនួន១៣ប្រភេទកីឡាជាមួយនិងការរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធកីឡាជនពិការនិងការប្រើប្រាស់គណៈកម្មការជំនាញនានារបស់ CAMSOC ដើម្បីបម្រើការរួមគ្នាជាមួយនិងគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។

ប្រភេទកីឡាជនពិការធ្លាប់មានសក្តានុពលខ្លាំងក្លា ដោយធ្លាប់ឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ជាច្រើនព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក ប៉ុន្តែយើងកំពុងពង្រឹងសមត្ថភាពបន្ថែម ដើម្បីដណ្តើមកិត្តិយសដ៏ធំធេង ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតកីឡាជនពិការ ឆ្នាំ២០២៣។ ជាមួយគ្នានោះ យើងក៏កំពុងកៀរគរស្វែងរកកីឡាករ កីឡាការិនីជនពិការប្រកបដោយទេពកោសល្យ និងឆន្ទៈមុះមុតបន្ថែមទៀត។

ឯកឧត្តមអគ្គលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាជនពិការ ទាំងយុវជន និងអ្នកដែលមានកម្លាំងមាំមួន អាចលេងកីឡាបានអាចទាក់ទងមកCAMSOCឬគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដើម្បីចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជនពិការ។យើងនៅខ្វះខាតអត្តពលិកពិការច្រើនទៀតជាពិសេសគឺកីឡាការិនីពិការនៅមានតិចនៅឡើយខណៈកីឡាការិនីពិការភាពនៅក្នុងអាស៊ានក៏នៅមានចំនួនតិចតួចនៅឡើយដែរ។

ការបំពាក់ឧបករណ៍សម្ភារបច្ចេកទេសផ្តល់គ្រូបង្វឹកបរទេសការផ្គត់ផ្គង់ក៏ដូចជាការឧបត្ថម្ភលើកទឹកចិត្តសម្រាប់ប្រភេទកីឡាជនពិការក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្គត់ផ្គង់ជូនដូចគ្នាជាមួយនិងប្រភេទកីឡាមិនពិការដែរ។ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់
របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្វើយ៉ាងណាជំរុញឲ្យព្រឹត្តិការណ៍កីឡាជនពិការនេះមានសមភាពដូចគ្នានឹងកីឡាមិនពិការ ព្រមទាំងសម្រួចគោលដៅការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ដូចគ្នានឹង ស៊ីហ្គេម លើកទី៣២ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង