ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា៖អត្តពលិកប៉េតង់ គ្រប់រូបទៅប្រកួតជើងឯក ប៉េតង់ពិភពលោកសុទ្ធសឹង ទទួលជ្រើសរើសយ៉ាងត្រឹមត្រូវ

58

 

ភ្នំពេញ៖នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញចូលរួមបិទកម្មវិធីការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញ ព្រមទំាងសំណោះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការីនីមុខចេញទៅការប្រកួតជើងឯកប៉េតង់ពិភពលោកនៅទីក្រុង Santa ប្រទេសអេស្ប៉ាញដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស សុខាបានមានប្រសាសន៍ថា សម្រាប់ក្រុមកីឡាករ-កីឡាការីនីដែលមានទៅចូលរួមការណ៍ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នឹងមានការរៀបចំឡើងចំនួន៣ជើងឯកពិភពលោកចូលគ្នាតែម្តងនៅទីក្រុង Santa ប្រទេសអេស្ប៉ាញដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សុទ្ធសឹងជាអត្តពលិកមានសមត្ថភាពខ្ពស់ និងទទួលការធ្វើតេស្តិ៍យ៉ាងត្រឹមត្រូវពីគណៈកម្មការបច្ចេកទេស។

ក្រុមអត្តពលិកប៉េតង់មិនមែនជាការជ្រើសរើសយកតែបក្សពួកឡើយ ទោះបីកីឡាករ-កីឡាការីនីទំាងនេះដដែលក៏ដោយ ដោយសារតែពួកគេមានការយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ជាមួយលោកគ្រូបង្វឹកតាមកម្មវិធីហ្វឹកហាត់យ៉ាងត្រឹមត្រូវ ព្រមទំាងមានការធ្វើតេស្តិ៍រាល់ខែ។

លោកប្រធានបានបន្តថា បានក្រើនរំឭកជូនដល់កីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ត្រូវប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីប្រជែងមេដាយយកមកជូនជាតិនៃព្រឹត្តិការណ៍ជើងឯកពិភពលោកខាងមុខជាបន្តបន្ទាប់នេះ ពីព្រោះថា កម្ពុជាគឺជាមហាអំណាចក្នុងវិស័យកីឡាប៉េតង់ពិភពលោក ដោយកម្ពុជាធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ ជាពិសេសយុវនារីអាចមើលឃើញពីគំរូរបស់លោកស្រី កែ ឡេង ដែលជាអតីតវីរកីឡាការិនីកម្ពុជាធ្លាប់កសាងបានភាពល្បីល្បាញលើពិភពលោក ដោយឈ្នះមេដាយមាសពីជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នាកន្លងទៅនេះ។

ការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញនេះមានរយៈពេល២ថ្ងៃគឺថ្ងៃទី៤-៥វិច្ឆិកា។ ចំណែកឯវិញ្ញាសាប្រកួតមានចំនួន៣ គឺវិញ្ញាសា វាយយកពិន្ទុ នារី-បុរស វិញ្ញាសា ឯកក្តជន នារី-បុរស និងវិញ្ញាសា ចូលប៊ូល នារី-បុរស៕

អត្ថបទដែលជាប់ទាក់ទង