ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើប្រាស់កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ សម្រាប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

98

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានជួបប្រជុំជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការបំពេញកម្លាំងបន្ថែមជាពិសេសគឺកម្លាំងយុវជននឹងជួយជំរុញឲ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គូសបញ្ជាក់ថា «យុវជន គឺជាកម្លាំងស្នូលពិសេស ខណៈអ្នកស្ម័គ្រចិត្តក្នុងរង្វង់១ម៉ឺននាក់ត្រូវបានចាត់ថាជាឯកអគ្គរាជទូតសុឆន្ទៈនៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់ព្រះរាជាណាក្រកម្ពុជាទាំងអស់គ្នា»។

ឯកឧត្តមវ៉ាត់ចំរើនមានប្រសាសន៍ថានៅក្នុងរបៀបវារៈសំខាន់ៗចំនួន២នៃកិច្ចប្រជុំថ្ងៃនេះគឺទី១ជាការប្រកាសពីគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយប្រកាស និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញកម្លាំងបន្ថែមជាពិសេសគឺកម្លាំងយុវជននឹងជួយជំរុញឲ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា កម្លាំងយុវជននេះ គឺជាកម្លាំងស្នូលដែលជួយដល់គណៈកម្មការជំនាញកាន់តែល្អ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសនូវកិច្ចសហការគ្នាយ៉ាងល្អប្រសើរ តាមគោលការណ៍ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនាប្រធាន CAMSOC។

ចំពោះរបៀបវារៈទី២ត្រូវបានឯកឧត្តមវ៉ាត់ចំរើនគូសបញ្ជាក់ថាការរៀបចំអ្នកស្ម័គ្រចិត្តដែលមានការធ្វើបទបង្ហាញពីផែនការរបស់ខ្លួនច្បាស់លាស់ ដោយឯកឧត្តម សុខ សប្បាយណា ដែលនៅក្នុងផែនការគឺគណៈកម្មការជំនាញនឹងស្វែងរកមនុស្សចំនួន១ម៉ឺននាក់ សម្រាប់ការធ្វើស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

«អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគាត់ជាអ្នកបម្រើការងារដោយស្ម័គ្រចិត្ត ប៉ុន្តែធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះថ្នាក់ដឹកនាំបានត្រៀមលក្ខណៈយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងដឹកនាំ លើកទឹកចិត្តដើម្បីជួយជំរុញឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ក្នុងរង្វង់១ម៉ឺននាក់នេះបំពេញភារកិច្ចប្រកបដោយមោទនភាពហើយយើងចាត់ទុកអ្នក
ស្ម័គ្រចិត្តទាំងអស់គឺជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នាផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង