ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ WCS សហការជាមួយរដ្ឋបាលជលផល ពិនិត្យសុខភាពអណ្តើកហ្លួងប្រចាំឆ្នាំ

46

 

កោះកុង ៖ កាលពីថ្ងៃទី ៩ – ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យសុខភាពអណ្តើកហ្លួងចំនួនមួយភាគបីក្នុងចំណោមអណ្តើកហ្លួង ២០៥ក្បាលនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

ក្រុមការងារបានធ្វើការជ្រើសរើសអណ្តើកចេញពីក្រុមដែលមានអាយុខុសៗគ្នា និងយកឈាមមកវិភាគរកមើលចំនួនគ្រាប់ឈាម និងបរិមាណប្រូតេអ៊ីនសរុបក្នុងខ្លួនពួកវា ដើម្បីឱ្យប្រាកដថាអណ្តើកទាំងនោះមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងអាចបន្តពូជបាន។

លទ្ធផលនៃការធ្វើតេស្តឈាម បានបង្ហាញថា អណ្តើកហ្លួងដែលបានពិនិត្យទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៉ីនខ្ពស់សម្រាប់ការបន្តពូជ។

បច្ចុប្បន្ន មានអណ្តើកហ្លួងចំនួន ២០៥ក្បាលកំពុងទទួលបានការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អណ្តើកហ្លួងទាំងនេះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ប្រមូលយកពីឆ្នេរខ្សាច់ពងកូនតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងក្រោយពេលពួកវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកបញ្ជូនមកកាន់មជ្ឈមណ្ឌលនេះដើម្បីចិញ្ចឹមថែទាំ រហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូន តំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥។

កិច្ចការថែទាំអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល ទទួលបានការគាំទ្រថវិកាពីអង្គការ Mandai Nature, Allan & Patricia Koval Foundation, Turtle Survival Alliance និងម្ចាស់ជំនួយផ្សេងៗទៀត។ ចំណែកឯការងារ អភិរក្សនៅតាមទីវាលគាំទ្រថវិកា ដោយសហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ (Partners against Wildlife Crime) អង្គការMandai Nature, US Forest Service, Rainforest Trust និង USAID-Feed the Future៕

អត្ថបទដែលជាប់ទាក់ទង