ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបបំបាត់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្ដាច់មុខ នៅតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា

103

 

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញលិខិតមួយ ជម្រាបមកអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ពីការលុបបំបាត់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងការផ្ដ ល់សេវាអ៊ីនធឺណិតផ្ដាច់មុខ ព្រមទាំងជំរុញឱ្យប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិត បង្កើនគុណភាពសេវានៅតាមបុរី អគារសហកម្មសិទ្ធិនិងទីប្រជុំជននានា។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍តាមបុរី ។

ឯកឧត្តម ថោង ចិន្តា និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច លុបបំបាត់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ នៅតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍តាមបុរី ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ដើម្បីសម្របសម្រួលនិងអនុវត្តខ្លឹមសារ នៃការសម្រេចរបស់រាជរដ្ឋាភិបាលនេះ។

ដើម្បីអនុវត្តនូវខ្លឹមសារនៃការសម្រេចរបស់រាជរដ្ឋាភិបាលនេះឯកឧត្តម ថោង ចិន្តា សូមស្នើសុំកិច្ចសហការពីប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ដូចខាងក្រោម ៖

-ផ្សព្វផ្សាយលិខិតលេខ ៦១៨ សជណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ទៅដល់ម្ចាស់បុរីនីមួយៗ ដើម្បីសហការនិងចូលរួមអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

-បញ្ឈប់រាល់ការអនុញ្ញាតការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងអស់នៅក្នុងបុរី ដោយគ្មានការអនុញ្ញាតជាមុន ពីនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារនៃក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ដែលពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាគុណភាពសេវា និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ តាមបុរី អគារសហកម្មសិទ្ធិ និងទីបជុំជន។

អាស្រ័យហេតុនេះ សូមអ្នកឧកញ៉ា ជួយសម្របសម្រួលឱ្យម្ចាស់បុរីទាំងអស់ ចូលរួមសហការនិងអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់។

យោងតាមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី បានចេញលិខិតជម្រាបជូនឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវត្ថុ ៖ករណីសំណេគោរពសុំគោលការណ៍ លុបបំបាត់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងការ ផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ ព្រមទាំងជំរុញឱ្យប្រតិបត្តិករផ្តល់សេវទូរស័ព្ទចល័ត និងអ៊ីនធឺណិត បង្កើនគុណភាពសវានៅតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា។

ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ដូចខាងក្រោម៖

១. ម្ចាស់បុរី និងប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលើការងារបច្ចេកទេស និងសោភ័ណភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។

២. បញ្ចប់រាល់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ុនធឺណិតនៅតាមបុរី ដែលផ្ទុយនឹង មាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៣. បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៤. អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែងដោយស្មើភាព និងមានតម្លៃសមរម្យ។

៥. ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពកែលំអ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងអឺនធឺណិតនៅក្នុងអគារ។

៦. ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូល ផ្គត់ផ្គង់ ចែកចាយ លក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ ដោយពុំមានការទទួលស្គាល់ យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង