ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធ យ៉ាងដាច់អហង្ការ ចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប

67

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា ១៖​

១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់ អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទ ប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

២. យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសា ធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនង អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុង ដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀតផងដែរ។

៣. ការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥) ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ហើយដែលបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជាឯកតោភាគីរបស់មហាអំណាចមួយចំនួន ជាឧបករណ៍ ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យ អនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើស ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។

៤. កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនង កាន់តែរឹងមាំនិងជិតស្និទ្ធជាងនេះ ទោះបី ជាមានអតីតកាលដ៏ឈឺចាប់ ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ក្នុងសប្តាហ៍នេះ ក្រសួងការបរ ទេសសហរដ្ឋអាមេរិកបានបង្ហាញ ពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ ” ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានបន្ទាប់ ។ ក៏ប៉ុន្តែ ទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះ ជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុង ការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មនិង ការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន(POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជននិង ប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម៕

អត្ថបទដែលជាប់ទាក់ទង