ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មេខ្លោងទម្លុះជញ្ជាំងរបងគុក ដើម្បីរត់ចេញ នៅខេត្តស្ទឹងត្រែង

195

ភ្នំពេញ៖ អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានទម្លុះជញ្ជាំងរបងគុកដើម្បីរត់ចេញនៅខេត្តស្ទឹងត្រែង ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញ ហើយការការចាប់ខ្លួនអ្នកទោសរត់ចេញពីគុករហូតមកដល់ពេលនេះ គឺបានចំនួន៤នាក់ហើយ។

អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញម្នាក់ទៀតនេះ ឈ្មោះ ចាក់លី ចឺតាលី ជាប់ទោសមួយជីវិត ពីបទជួញដូរគ្រឿងញៀន។ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មេខ្លោងរូបនេះ ជាអ្នកផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង។

សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ នៅខេត្តស្ទឹងត្រែង បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ដោយបានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។ តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង។ គិតមកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស៤នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ៣នាក់ទៀត កំពុងតាមចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង