ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង ២០ប្រទេស នាទីក្រុងប៉ារីស

45

 

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង ២០ប្រទេស នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ នេះបើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុករបស់ព្រះបរមរាជវាំង។

បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា តបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផល សំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕

អត្ថបទដែលជាប់ទាក់ទង