ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិតដែលបានលួច រត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ចាប់ខ្លួន៥នាក់ ក្នុងចំណោម៧នាក់

78

 

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញរបាយការណ៍សូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផល នៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ ។

តាមលទ្ធផលនៅពេលនេះសមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញ ដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ ។
២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ ។
៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស ០៤ឆ្នាំ ។
៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត ។
៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ ។

ទន្ទឹមនឹងនេះទណ្ឌិត២នាក់ជាជនជាតិឡាវ ដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។
ជាមួយគ្នានេះខ្ញុំក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ ។

សម្តេច ស ខេង បានមានប្រសាសន៍ថា អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះគឺលទ្ធផលប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈាន ទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ។
លទ្ធផលនេះបានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបាន ដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រនិងចូលរួម អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង ៕

 

អត្ថបទដែលជាប់ទាក់ទង