ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិននិងធុរជនកូរ៉េ

99

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវិដេអូដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញ វិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិននិងធុរជនកូរ៉េ ដែលមានអ្នកចូលរួមចំនួនប្រមាណ ១០០ នាក់។

វេទិកានេះបានប្រព្រឹត្ត ទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូ, លោក Shin Jongsoo អគ្គនាយក KOTRA, លោក Lee Yong-man ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា។

មានមតិក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវ ជ្រឹង បុទុមវង្ស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានតាក់តែងច្បាប់ស្តីពីវិនិយោគថ្មីនេះឡើង និងទទួលបានការឡាយព្រះហស្ថលេខារបស់ព្រះ មហាក្សត្រប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខាន យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ សកលបណ្ដាលមកពីជំងឺ តួវីដ-១៩។ លោកជំទាវក៏បានរំលេចផងដែរថា ជាមួយនឹងការដាក់ចេញនូវច្បាប់វិនិយោគ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលាកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ នឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ការស្ដារសេដ្ឋកិច្ច-សង្គម ឡើងវិញក្រោយវិបត្តិនៃជំងឺកូវី៨-១៩។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានរំលេចពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ជាលំដាប់ចាប់តាំងពីការផ្សារភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧។ ជាក់ស្តែង ពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតមួយខ្ពស់ គួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ខណៈដែលសាធារណរដ្ឋកូរ៉េជាអ្នកវិនិយោគធំជាងគេទី ២ នៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបជិត ៧ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៧មកដល់ បច្ចុប្បន្ន។ ឯកឧត្តមបានយល់ស្របតាមការលើកឡើង ក្នុងសុន្ទរកថារបស់លោកជំទាវ ជ្រឹង បុទុមរង្ស៊ី ថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉ រួមជាមួយនឹងការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាង ប្រទេសទាំងពីរពិតជានឹងមានកំណើនកាន់តែខ្ពស់ ជាក់ជាមិនខាន។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ច កូរ៉េនៅកម្ពុជាតាមរយៈ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្ត ទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់អ្នកវិនិយោគកូរ៉េទាំងអស់ នៅកម្ពុជាក្នុងវិស័យជាច្រើន ដូចជាកសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ។ល។ ជាងនេះទៅទៀត ឯកឧត្តមបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាលក្ខក្នុងការទទួលស្វាគមន៍ និងផ្ដល់កិច្ចគាំពារដល់ពលករកម្ពុជា ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ។

ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនអង្គសិក្ខាសាលាថា ច្បាប់នេះត្រូវបានតាក់តែងឡើង ស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ ជាច្រើនលើកជាមួយស្ថាប័នរដ្ឋនិងផ្នែកឯកជន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់ តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមា ពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា។

ក្នុងន័យនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថាតាម រយៈសិក្ខាសាលានាថ្ងៃនេះ វិនិយោគិនកូរ៉េបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹង ជួយផ្សព្វផ្សាយបន្ត និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង