ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយមាសជើងឯកពិភពលោក អ៊ុក ស្រីមុំត្រូវបាន លើកទឹកចិត្តដង្ហែរក្បួនយ៉ាងអធិកអធម

103

 

ភ្នំពេញ៖ កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារទី១៦វិច្ឆិកា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡាជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូកិត្តិយសយ៉ាងអធិកអធម។

កីឡាការិនីប៉េតង់៣រូបផ្សេងទៀតនិងគ្រូបង្វឹកគឺលោកសុខ ម៉ុងក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តរៀបចំក្បួនដង្ហែអមដោយម៉ូតូ
កិត្តិយសពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ីព្រះនរោត្តមវង់មួយជុំវិមានឯករាជ្យហើយចុងក្រោយចូលទីស្តីការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារង់ចាំស្វាគមន៍នៅទូនោះជាស្រេច។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថានេះជាមោទនភាពរបស់កម្ពុជាដែលកីឡាការិនីប៉េតង់អ៊ុកស្រីមុំបានប្រឹងប្រែងប្រកួតរហូតដល់ដណ្តើមមេដាយមាស១គ្រឿងយកមកជូនជាតិ។ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្តល់ការលើកទឹកចិត្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់ជ័យលាភីមេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ នាពេលខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)ក៏បានអញ្ជើញចូលរួមលើកទឹកចិត្តជូនចំពោះប្រតិភូ កីឡាការិនីប៉េតង់កម្ពុជាដែរ។

កីឡាការិនីអ៊ុក ស្រីមុំបានចាត់ទុកថាជ័យជំនះនេះនេះ កើតចេញពីការខិតខំរបស់រូបនាង និងក្រោមការលើកទឹកចិត្តពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី២រូបទៀត ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា»។

ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាការិនី៤រូប ដោយក្រៅពីវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស គឺកីឡាការិនីទាំងអស់ បានប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិទុយណេស៊ី។

កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១គឺជាមេដាយមាសទី៥របស់កម្ពុជាលើវិញ្ញាសាវាយយកពិន្ទុបន្ទាប់ពីមេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង