ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២១នៅខេត្តកំពង់ធំ

138

ខេត្តកំពង់ធំ ៖លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំអញ្ជើញចូលពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ដែលមានប្រតិភូកីឡាប្រមាណជាង ១០០ នាក់ មកពី ០៣ ស្រុក និងខេត្តសៀមរាបដោយមានការរៀបចំពីសំណាក់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ និងខេត្តសៀមរាប។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលរងខេត្តបានលះបង់ពេលវេលាមកចូលរួមដើម្បីលើកស្ទួយ និងរួមចំណែកជួយលើវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់កីឡាក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីក ចលនាកីឡាជនបញ្ញាខ្សោយនៅតាមបណ្តាខេត្តនានា។ មកដល់ពេលនេះ ឃើញថាបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន១៤ រួចហើយត្រឹមឆ្នាំ២០២០ រួមមាន៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ចលនាស្ប៉េស្យាល់អន្តរជាតិ ក៏ដូចជាចលនាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការហ្វឹកហាត់ពេញមួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់រាជធានី ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានបន្តថា ក្រៅពីនេះ យើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។

នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។

ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ និងអ្នកថែទាំ ដោយមានចែងនៅក្នុងអនុក្រឹត្យលេខ១៤ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ។

អ្វីទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ហើយក៏ជាការខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និតរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អនុគណៈកម្មាធិការរាជធានីខេត្ត គ្រូបង្វឹក ជាពិសេសក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ។ ហើយម៉្យាងវិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង