ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកកម្ពុជា និង ប្រតិភូ ចេញទៅចុះហត្ថលេខាដើម្បីសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩

70

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ គណៈប្រតិភូកីឡាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចេញដំណើរទៅ
កាន់ទីក្រុងឌូបៃដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនិងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍មុនពេលចេញដំណើរថាថាដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាគណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រួមជាមួយឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញដំណើរទៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។

បេសកកម្មនេះ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមការស្នើសុំពី NOCC ដោយឯកឧត្តមបណ្ឌិត ថោង ខុន នឹងចុះហត្ថលេខាលើពិធីប្រគល់-ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (ASIAN Youth Games) ដោយមានបណ្តាប្រទេសនានាចំនួន ៤៥ប្រទេសនៃទ្វីបអាស៊ី ដែលមានទំហំធំជាងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានចន្លោះពី៣០ ទៅ៤០ប្រភេទកីឡា ប៉ុន្តែចំនួនប្រភេទកីឡាយុវជនអូឡាំពិកអាស៊ីនេះ មានចន្លោះត្រឹម១០ ទៅ១៥ប្រភេទកីឡា ដោយយុវជនចន្លោះអាយុ១៥ ដល់១៧ឆ្នាំ។

នេះជាប្រវត្តិសាស្ត្រថ្មីមួយដែលជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ «ដោយសារយើងរស់នៅក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាទទួលបានការគាំទ្រផ្តល់សិទ្ធិពីអន្តរជាតិ។

ការចេញទៅកាន់ទីក្រុងឌូបៃលើកនេះនេះ មានកម្មវិធីសំខាន់ៗជាច្រើន គឺគណៈប្រតិភូកម្ពុជានឹងចូលរួមមហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ការចុះហត្ថលេខាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ីគឺធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលរួចហើយ។

ការដាក់បេក្ខភាពប្រកួតប្រជែងធ្វើម្ចាស់ផ្ទះនេះមានបណ្តាប្រទេសមួយចំនួនបានចូលរួមប្រកួតប្រជែងដែរប៉ុន្តែដោយសារក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានមើលឃើញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងនោះ ទើបធ្វើឲ្យការខិតខំទាំងអស់នេះ បានឆ្លើយតបទៅនឹងការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍យុវជនអូឡាំពិកអាស៊ី ឆ្នាំ២០២៩ នេះជាដើម។

ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន NOCC ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ។ ឯកឧត្តម ឃួង ស្រេង នឹងចុះហត្ថលេខា ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ ដែលនេះគឺជាគោលការណ៍ច្បាប់នៃធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ នៅក្នុងបេសកកម្មនេះ គណៈប្រតិភូកម្ពុជា នឹងបំពេញទស្សនកិច្ចការតាំងពិពណ៌អន្តរជាតិ នៅទីក្រុងឌូបៃផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងច្រើននៃវិស័យកីឡាកម្ពុជា ក្នុងបេសកកម្មនេះ កម្ពុជានឹងបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារបស់NOCCនិងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទាំងមូលហើយនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០នេះ ឯកឧត្តមបណ្ឌិត ថោង ខុន នឹងថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញឃ្លីបវីដេអូខ្លី ដើម្បីឲ្យទទួលបានការគាំទ្រពី៤៥ប្រទេសនៃទ្វីបអាស៊ីទាំងមូល។

ខ្លឹមសារឃ្លីបវីដេអូនេះ នឹងបង្ហាញចេញចាប់តាំងពីសម័យអង្គរ មកដល់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលនាពេលបច្ចុប្បន្ន ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតទាំងអស់នេះហើយយើងនិយាយថាកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី ឲ្យបានល្អប្រសើរ នាឆ្នាំ២០២៩។ នេះគឺជាបង្ហាញនូវកិត្តិយសជាតិ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ដើម្បីទទួលបានការគាំទ្រ ដោយមិនត្រឹមតែចំណេញតែផ្នែកវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបាននូវការគាំទ្រលើវិស័យការទូត ព្រមទាំងទំនាក់ទំនងអន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង