ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ពេញលេញហើយ

401

ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងពីទីក្រុងឌូបៃប្រទេសអារ៉ាប់រួមនា
រសៀលថ្ងៃទី២១វិច្ឆិកាថាពេលនេះកម្ពុជាបានទទួលសិទ្ធពេញលេញជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ជាផ្លូវការហើយ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នៅក្នុងពេលដែលដំណើរការសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិកម្ពុជានិងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទី
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់។
តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី៤៥ប្រទេសបានអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជាដែលទទួលបានសិទ្ធិធ្វើ
ម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍន៍ និងសន្តិភាពរបស់កម្ពុជា»។បណ្តាប្រទេសនានានឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជានាឆ្នាំ២០២៩។

មោទនភាពនេះគឺបានកើតមានឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុញ្ញាតឲ្យគណៈប្រតិភូកម្ពុជាមកចូលរួមចុះហត្ថលេខាទទួលសិទ្ធិធ្វើជា
ម្ចាស់ផ្ទះកីឡាយុវជនជាប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ។

នេះជាសំណាងរបស់យុវជនរបស់កម្ពុជាយើង និងជាសំណាងរបស់ប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយជាតិប្រទេសអារ៉ាប់ទាំងអស់ និងបណ្តាយផ្សព្វផ្យាយអន្តរជាតិបានចូលរួមផ្តិតយករូបភាពពីពិធីចុះហត្ថលេខានេះទៅផ្សព្វផ្សាយទូទាំងពិភពលោក ៕

 

អត្ថបទដែលជាប់ទាក់ទង