ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទោចក្រយាន

102

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កម្រិត១ត្រូវបានសហព័ន្ធកីឡាទោចក្រយានបើកពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

វគ្គនេះបើកឡើងដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាលោកនូចំរើនបានចាត់ទុកថាវគ្គនេះគឺជាវវគ្គដ៏សំខាន់មួយដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។

នេះជាវគ្គដែលសិក្សាតាមរបៀបរបបច្ចេក
ទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ក្នុងនោះក៏គ្រូឧទ្ទេសប្រចាំវគ្គនឹងចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។

នេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយដែលសហព័ន្ធស្នើឲ្យសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា ពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិតសិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួលស្គាល់ពី UCI។

លោកអគ្គលេខាធិការ ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ ឲ្យប្រឹងប្រែង ដើម្បីគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាហើយទាំងអស់នេះក៏ជាដំណើរការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា។

កម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ដោយនឹងប្រើប្រាស់យុវជនអាយុក្រោម១៨ឆ្នាំ ខណៈប្រភេទកីឡាទោចក្រយានកម្ពុជាក៏ត្រៀមខ្លួន ចូលរួមរៀបចំនិងការប្រកួតកីឡាទោចក្រយានក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនេះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង