ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៥អង្សារ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់១៨អង្សារ

50

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង ក្រសួងធនធានទឹក នៅថ្ងៃនេះថា៖ កម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៥អង្សារ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់ ១៨អង្សារ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្ដងៗមកនៅត្រឹម ៦០% នៅខែកុម្ភៈ ។ ស្ថានភាពបែបនេះ នឹង ធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្ដប់មកលើកម្ពុជា ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ខែធ្នូ ឆ្នាំ ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម ៖ ១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់
សប្ដាហ៍ទី ៣ ខែធ្នូ ឆ្នាំ ២០២១ ។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាច
នឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖ បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន – សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ១៩១C ។ – បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ ២១°C ។

២- ធាតុអាកាសនឹងចុះត្រជាក់លើកទី ២ ដោយចាប់ពីសប្ដាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ក្នុងនោះមាន ៖
– បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥ºC ទៅ ១៧°C ។ – បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨ºC ទៅ ២០°C ៕

អត្ថបទដែលជាប់ទាក់ទង