ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកាពារប្រទេសចិន ផ្ដល់សម្ភារៈ វេជ្ជសាស្ដ្រ១១ មុខ បន្ថែមទៀត ដល់ក្រសួងការពារជាតិ កម្ពុជា សម្រាប់ប្រើប្រាស់ ទប់ស្កាត់រីករាលដាល ជំងឺកូវិដ.១៩

345

 

ភ្នំពេញ ៖ សម្ភារៈវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
ពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រទាំងនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

សម្ដេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា៖ ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ.១៩ មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃដំបូងដែលវ៉ាក់សាំងរបស់ចិនមកដល់កម្ពុជា គឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ ប្រទេសចិនក៏បានក្លាយជាប្រទេស ដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ.១៩ផងដែរ។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០, ០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។

សម្តេចពិជ័យសេនា បានថ្លែងថា ប្រជាជន រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន បានផ្តល់ សម្ភារៈវេជ្ជសាស្ត្រ ជូនកងយោធពលខេមរភូមិន្ទ រួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃ ជំងឺកូវីដ-១៩នៅកម្ពុជា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដូចពាក្យស្លោកពោលថា “មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន” និង ជាមិត្តដែកថែបដ៏ពិតប្រាកដ តែងតែជួយគាំទ្រដល់ប្រជាជន កងទ័ពកម្ពុជាគ្រប់គ្រាលំបាកទាន់ពេលវេលា និងគ្មាន លក្ខខណ្ឌ ក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់ វិស័យ។

សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា ការទទួលសម្ភារៈវេជ្ជសាស្ត្រពីក្រសួងការពារជាតិចិននាពេលនេះ គឺជាជំនួយ បន្ថែមពីលើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការបញ្ជូនក្រុមវេជ្ជសាស្ត្រយោធាមកកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ និងរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩នាពេលកន្លងមក បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូល ដែលជាគន្លឹះ ក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ ជំនួយទាំងអស់នេះ នឹងបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់កម្រិតជំនាញបច្ចេកទេសការស្រាវជ្រាវ រកមេរោគកូវីដ-១៩, យកសំណាក, ធ្វើតេស្តរកមេរោគ និងព្យាបាលជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ រយៈពេលជិតពីរឆ្នាំ មកនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់យក ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ សំដៅការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្ត្រជាទំនិញយុទ្ធសាស្ត្រ និងបានដាក់ចេញយុទ្ធសាស្ត្រទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជន ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង កុមារនិងយុវវ័យដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងចុងក្រោយនេះកុមារ ដែលមានអាយុ៥ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យក្នុងការដាក់ចេញយុទ្ធសាស្ត្រនេះបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា និងជ្រើសរើសមិត្តចិនជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង រួមជាមួយដៃគូផ្សេងទៀត ធ្វើឲ្យកម្ពុជាទទួល បានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លទ្ធផលនេះ បានផ្ដល់លទ្ធ ភាពឲ្យកម្ពុជា សម្រេច ជោគជ័យមុនផែនការកំណត់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានប្រកាសជា ផ្លូវការបើកប្រទេសដំណើរការឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតី ភាពថ្មី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា បានធ្វើការវាយតម្លៃថា ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក សម្រេចបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ បានរួមចំណែកកាត់បន្ថយការឆ្លងរាលដាល ការចម្លង ការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងស្តារនិងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូន ប្រជាជននាពេលកន្លងមក បានបញ្ជាក់ច្បាស់ថា វត្តមានកងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ច ដំណើរការចាក់វ៉ាក់សាំងនេះ ហើយជោគជ័យទាំងអស់នេះ មិនអាចខ្វះបាននូវការជួយគាំទ្រឧបត្ថម្ភទាំងវ៉ាក់សាំង សម្ភារៈ វេជ្ជសាស្ត្រ ក្រុមវេជ្ជសាស្ត្រ និងបទពិសោធន៍ពីសំណាក់ប្រជាជន រដ្ឋាភិបាល ពិសេសកងទ័ពរំដោះប្រជាជនចិនចំពោះកង យោធពលខេមរភូមិន្ទបានឡើយ។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សជាតិ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងតែងតែគាំទ្រលើកកម្ពស់សមត្ថភាពបច្ចេកទេសលើគ្រប់វិស័យ ដល់កងយោធពលខេមរ ភូមិន្ទ រួមចំណែកក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ អរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិន ធាន និងនាយទាហានការិយាល័យអនុព័ន្ធយោធាប្រចាំកម្ពុជា ចំពោះការជួយសម្របសម្រួលការងារគ្រប់បែបយ៉ាង ជូនក្រសួងការពារជាតិបានទាន់ពេលវេលា។

នៅក្នុងពិធីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានបញ្ជាក់ជូនថា កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ជាបងប្អូនគឺជាមិត្តដែកថែប ស្គាល់ចិត្តគ្នា ជួយគ្នាទៅវិញទៅមក មានចំណងមិត្តភាពប្រៀបដូចដៃ និងជើង។ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រោមការដឹកនាំដោយផ្ទាល់ និងជំរុញយ៉ាងពេញទំហឹងពីឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីង ពីង និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យកងទ័ពប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ បោះជំហានមានការ រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានបញ្ជាក់បន្ថែមថា ក្រោយពីមានការកើតឡើងនូវជំងឺកូវីដ-១៩ ប្រជាជន កងទ័ពប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក និងបានផ្ដល់អំណោយជាថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមបង្កើតបានជាគម្រូនៃកិច្ចសហប្រតិបត្តិការយោធាអន្តរ ជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចកសាងសហគមន៍ វាសនារួមរវាងចិននិងកម្ពុជា។

សម្តេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិន ធាន បានប្តេជ្ញាចិត្តរួមគ្នាខិតខំជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនឲ្យកាន់តែស៊ីជម្រៅ រួមចំណែកផ្តល់អត្ថប្រយោជន៍ជូនប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិននៅតែបន្តផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ សំរិត

អត្ថបទដែលជាប់ទាក់ទង