ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២១ ក្រោមប្រធានបទ ” ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ “

271

 

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២១ដែលពិធីនេះបានប្រារព្ធធ្វើនៅឆ្នេរអូរឈើទាល នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថាន អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូប។

លោកអភិបាលរងខេត្តថ្លែងថា៖ទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ប្រារព្ធក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ថែរក្សា សំអាតអនាម័យបរិស្ថាន ជាចរន្តចលករជំរុញឱ្យមានការផ្ដើមសកម្មភាពក្នុងការទទួលខុសត្រូវ ទុកដាក់សំណល់ មិនបោះចោលពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះ ពាល់ដល់សោភ័ណភាពទីក្រុង។

លោកបន្តថា៖ទិវាបរិស្ថានជាតិ ក៏សំដៅបញ្ជ្រាបផ្នត់គំនិតដល់សាធារណៈជនគ្រប់ស្រទាប់ ឱ្យមានការផ្លាស់ប្ដូរឥរិយាបថ និងអាកប្បកិរិយា ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក ព្រោះការបំពុលដោយប្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិក ទាំងនេះកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ភពផែនដី។

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយសូមស្មារតីនេះក្លាយជាមាគ៌ាដឹកនាំមនុស្សជាតិទាំងអស់ នៅលើសកលលោកឱ្យរួមគ្នា ជាកម្លាំងសរុប សំដៅរួមចំណែកដល់ការងារអនាម័យបរិស្ថាន ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរស់នៅដោយភាពសុខដុម របស់មនុស្សគ្រប់ជំនាន់ ដូច្នេះសូមចូលរួមធ្វើឱ្យភូមិឋានយើងស្អាត ទីក្រុងយើងមានសោភ័ណភាព
បរិស្ថានល្អផ្តើមចេញពីយើងម្នាក់ៗ៕

អត្ថបទដែលជាប់ទាក់ទង