ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំអោយស្នងការថ្មី ធ្វើការព្យាករណ៍សភាពការណ៍ចំនួន៣ចំនុច ដើម្បីដឹកនាំកងកម្លាំង ទៅរកភាពរីកចំរើននៅក្នុងទូទាំងខេត្តតាកែវ

33

 

តាកែវ ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឯកភាព និងគាំទ្ររបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ទោអតីតស្នងការនគរបាលខេត្តតាកែវ ដែលបានកាន់មុខតំណែងអស់រយៈពេល ៤ឆ្នាំ ៤ខែ ១៧ថ្ងៃ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងមូល ទទួលបានលទ្ធផលល្អប្រសើរ និងកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងការសន្យាជាមួយនិងការប្តេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ទើបតែងតាំងថ្មី និងកោតសរសើរគណៈបញ្ជការឯកភាពព្រមទាំងកងកម្លាំងទូទាំងខេត្ត ដែលបានសហការគ្នាក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅទូទាំងខេត្ត ពិសេសក្នុងការរួមចំណែកយ៉ាងសកម្មប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំអោយស្នងការថ្មី ធ្វើការព្យាករណ៍សភាពការណ៍ចំនួន៣ចំនុច ដើម្បីដឹកនាំកងកម្លាំងទៅរកភាពរីកចំរើននៅក្នុងទូទាំងខេត្តតាកែវ ដែលក្នុងនោះរួមមាន៖

ចំនុចទី១- គឺស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែមានជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសតាំងពីក្មេងរហូតដល់មនុស្សចាស់។មួយទៀត គឺការសាមគ្គី ដែលយើងទាំងអស់គ្នាបានកំពុងរួមគ្នាធ្វើក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បើទោះបីមានក្រុមមួយចំនួនតូចដែលនៅខាងក្រៅព្យាយាមញុះញុង តែកម្លាំងសាមគ្គីបានរួមគ្នាទាំងកម្លាំងកាយចិត្ត ថវិកា និងសម្ភារៈរហូតក្លាយជាយុទ្ធនាការជាតិមួយធ្វើអោយប្រទេសកម្ពុជាបានធូរស្រាលពីជំងឺកូវីដ-១៩។ ក្នុងនោះផងដែរកងកម្លាំងមានសមត្ថកិច្ចបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ-១៩ ដែលដើរជួរមុខការពារខ្លួនឯងផង ការពារគ្រួសារផង ការពារប្រជាពលរដ្ឋផង។

ចំនុចទី២- ដែលត្រូវព្យាករណ៍ទៅមុខគឺការប្រឈមទៅនិងសុវត្ថិភាព ប្រឈមនិងគ្រោះថ្នាក់ ប្រឈមនិងបទល្មើសចរាចរណ៍ ប្រឈមនិងគ្រឿងញៀន ដែលសកម្មភាពទាំងនេះគឺគណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាអ្នកដែលត្រូវរួមគ្នាធ្វើការដោះស្រាយ ដោយបង្កើនការអប់រំប្រជាពលរដ្ឋអោយមានការយល់ដឹង និងធ្វើការស្រាវជ្រាវនិងបង្ក្រាបមេក្លោងជួញដូរ។

ចំនុចដែលត្រូវព្យាករណ៍ទី៣- គឺប្រទេសកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំព្រឹត្តការណ៍ជាតិ-អន្តជាតិធំៗដូចជាពេលប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំអាស៊ី-អ៉ឺរុប និងកិច្ចប្រជុំអាស៊ានណាប៉ូលនៅឆ្នាំ២០២២ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំ៣ចំនុចដល់ស្នងការដែលទើបតែងតាំងមុខតំណែងថ្មី ដើម្បីយកទៅដឹកនាំ និងអនុវត្តអោយទទួលបានជោគជ័យ ៖

ចំនុចទី១- ពង្រឹងភាពដឹកនាំដែលមានចំនុចចំនួន៣គឺ

១-បណ្តុះមនោសញ្ចេតនាតាមរយៈសមាគមមិត្តនគរបាល និងទទួលខុសត្រូវខ្ពស់ជាងគេក្នុងការបញ្ជាដឹកនាំ។

២-ពង្រឹងរបៀបរបបការងារ ដោយបែងចែកតាមផែន និងជំនាញអោយបានច្បាស់លាស់ ពិសេសប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច។

៣-ពង្រឹងប្រចាំបញ្ជា កងអន្តរាគមន៍ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ចំនុចទី២- ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយជូនគណៈអភិបាលខេត្ត អនុវត្តគោលនយោបាយនានាជូនរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍរីកចម្រើនទូទាំងខេត្តតាកែវទាំងមូល។

ចំនុចទី៣- ក្នុងនាមជាស្នងការត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពការងាររបស់នគរបាលជាតិ ដោយត្រូវប្រកាន់ទស្សនៈនគរបាលជាអ្នកបំរើប្រជាពលរដ្ឋ ផ្លាស់ប្តូរឥរិយាបថ អកប្បកិរិយាអោយបាន សមរម្យ ថ្លៃថ្នូរ ព្រោះយើងជាមន្ត្រីដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ពង្រឹងជំនាញឯកទេសវិជ្ជាជីវៈតាមផែននីមួយៗអោយបានគ្រប់គ្រាន់ដោយបើកវគ្គបំប៉ននៅតាមមូលដ្ឋានរាងខ្លួន។

អត្ថបទដែលជាប់ទាក់ទង