ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម

45

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម។

ជំនួបនេះធ្វេីឡេីងនៅវិមានព្រឹទ្ធសភា គ្រាដែលលោក ង្វៀន ហ៊ុយ តាំង ត្រូវបានថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវអំណរសាទរចំពោះឯកឧត្តម ង្វៀន ហ៊ុយ តាំង ដែលត្រូវបានថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងដំណើរបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំបន្តលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានវាយតម្លៃខ្ពស់ចំពោះការរីចម្រើន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលទាំងឡាយដែលប្រជាជនកម្ពុជា សម្រេចបានក្រោមព្រះរាជគ្រប់គ្រងរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជាពេលដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា និងប្រទេសវៀតណាម រងការប៉ះពាំល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានវាយតម្លៃខ្ពស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានបើកប្រទេសឱ្យដំណើរការទាំងស្រុងឡើងវិញ ដែលជាការទុកចិត្តរបស់អ្នកទេសចរអន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដែលពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងខ្លាលើគ្រប់វិស័យ។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានគូសបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមនៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទានក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចប្បន្ននេះ។ ជាមួយគ្នានេះ ក្នុងពេលថ្មីៗនេះ ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានជួយឧបត្តមយ៉ាងទាន់ពេលវេលាទាំងថវិកា និងគ្រឿងបរិក្ខារពេទ្យ និងវ៉ាក់សាំងជូនប្រជាជនវៀតណាម។ នេះគឺជាសក្ខីភាពមួយដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានសន្យាថា ក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រមម្ពុជានេះ ឯកឧត្តមនឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនខ្លាំងថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។
ទោះបីប្រទេសទាំងពីរប្រឈមនឹងវិបត្តិជំងឺកូវី១៩យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកទាំងខាងសម្ភារ ស្មារតី ក្នុងស្មារតីជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និងជាដៃគូរល្អ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែជួបប្រាស្រ័យទាក់ទង បានផ្ញើសារជាមួយគ្នា ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធនិម្មិត ជាពិសេសការជួបមុខផ្ទាល់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ នៅទីក្រុងហាន់ណូយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា តែងតែគាំទ្រចំពោះរាល់កិច្ចព្រមព្រៀង កិច្ចសន្យាដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថែមទាំងលើកទឹកចិត្តដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជាផ្លែផ្កានូវរាល់កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងអស់នោះ ក្នុងគោលដៅដើម្បីជំរុញប្រទេសទាំងពីរឱ្យមានការរីកចម្រើន។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដល់គណៈប្រតិភូរដ្ឋសភាវៀតណាម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាប្រធានដឹកនាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ។ ជាមួយនេះ សម្តេចបានស្នើរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជួយគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាស់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទសទាំងពីរ តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូតសូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង