ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គុណ ញឹម បន្តអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធ រូតរះទៅបង់ពន្ធអាករឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះ១០%

42

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថ្លែងអំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្តាំ និងរថយន្តចង្កូតឆ្វេង ដែលមិនទាន់បានបង់ពន្ធ រូតរះទៅបង់ពន្ធអាករឱ្យបានគ្រប់គ្រប់ៗគ្នា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទទួលបានការអនុគ្រោះ១០% បើមុនដូច្នេះទេ ការបង់ពន្ធនឹងមិនមានការលើកលែងទៀតឡើយ។

នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់រថយន្តទាំងចង្កួតស្តាំ និងចង្កូតឆ្វេង រួសរាន់អញ្ជើញចូលមកបង់ពន្ធអាករ ការបំពេញកាតព្វ កិច្ចពន្ធអាករ គឺជាកាតព្វកិច្ចដែលចែងដោយច្បាប់ ស្តីពីគយ គឺរាល់ការនាំចេញចូលទំនិញ ត្រូវតែមានការតព្វកិច្ច ដូចមានចែងក្នុងច្បាប់ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០% លើពន្ធសរុប សូមរួសរាន់មកប្រកាសបង់ពន្ធរថយន្តរបស់ខ្លួន រថយន្តចង្កូតឆ្វេង គឺឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ»។

លោក គុណ ញឹម បានបញ្ជាក់ទៀតថា ចាប់ពីដើមឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ មិថុនា ២០២២ រថយន្តចង្កូតឆ្វេងនឹងមិនទទួលបានការអនុគ្រោះ១០% នោះទេ គឺត្រូវបង់ពន្ធពេញ១០០% ការគណនាឃើញពន្ធអាករប៉ុន្មាន គឺត្រូវតែបង់ពន្ធពេញតែម្តង។ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តក៏ត្រូវរូតរះយករថយន្តទៅបង្ហាញ ប្រកាសដើម្បីតម្កល់ប្រាក់កក់ដែរ ដែលស្នើនឹងប្រាក់ពន្ធអាករដក១០% ដូចគ្នា ហើយតម្លៃគិតពន្ធនឹងបានបន្ធូរបន្ថយដូចគ្នាទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ។

រដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ទៀតថា ការបង់ពន្ធចូលថវិកាជាតិ ជាការចូលរួមចំណែកជួយជាតិក្នុងការអភិវឌ្ឍ និងបំរើលើសេចក្តីត្រូវការរបស់រដ្ឋ ក្នុងការចាត់ចែកគ្រប់គ្រងទាំងការងារសង្គម និងការងារសេដ្ឋកិច្ចផ្សេងៗផងដែរ។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានគោលការណ៍ ក្នុងការបន្ថែមសុពលភាពផ្តល់ការអនុគ្រោះ ដល់រថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗនោះទេ ខណៈថ្ងៃកំណត់នៃការផ្តល់អនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% សល់តែជាង១ខែទៀតតែប៉ុណ្ណោះ ពោលគឺផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកបញ្ជាក់ថា ការមិនបន្តសុពលភាពអនុគ្រោះនេះ ដោយសារតែអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទុកពេលវេលាយូរសមរម្យហើយ សម្រាប់ម្ចាស់រថយន្តទាំងនោះឱ្យចូលខ្លួនមកបង់ពន្ធ។

លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនទាន់មានការផ្តួចផ្តើម ឬសំណើរអីទេ ព្រោះមែនទែនទៅយើងអត់មានសិទ្ធិក្នុងការបន្ត ព្រោះនេះជាគោលការណ៍ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល បើសិនជាមិនមានការបន្តដោយរាជរដ្ឋាភិបាល ព្រោះថាបើមែនទែនទៅយើងឃើញរយៈពេលសមល្មមដែរពីខែ៩ ដល់ខែ១២ ពេលវេលាទុកឱកាសឱ្យចូលមកបង់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះនេះ។ អីចឹងហើយយើងមិនទាន់មាន អ្វីដែលថាត្រូវបន្តសុពលភាព ក្នុងការពន្យារពេលក្នុងការអនុគ្រោះ១០% នៃពន្ធអាករ សរុបសម្រាប់រថយន្តចង្កូតឆ្វេងនោះទេ»។

លោកបានលើកឡើងថា ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០%។ បើលើសពីថ្ងៃនោះនឹងត្រូវគិតពន្ធ១០០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង