ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បរិបទនៃការរីករាលដាលជំងឺកូវដី១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាជនក្រីក្រ ផ្តល់នូវការឧបត្ថម្ភជូនពួកគាត់

331

 

(ទីស្តីការក្រសួងផែនការ)៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបលោកស្រី អាលីសា ឆាគ័រ (Alissar Chaker) តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រី ទទួលបានការតែងតាំងថ្មីជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រី និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការនាពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានរំលឹកឡើងវិញពីអតីតកាលដ៏ជូរចត់ ប្រទេសខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាម ដោយឯកឧត្តមបានឆ្លងកាត់ជាច្រើនសម័យកាលមកផងដែរ គ្មានសម័យកាលណា ដែលមានស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសម័យកាលនេះនោះទេ ដូចដែលលោកស្រី បានឃើញជាក់ស្តែងស្រាប់។ សមិទ្ធផលទាំងឡាយដែលកម្ពុជាកំពុងទទួលបាននេះ គឺកើតចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍរបស់យើង ក្នុងនោះUNDPក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារស្តារ និងអភិវឌ្ឍនេះផងដែរ។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០០០មក UNDP បានផ្តល់ការគាំទ្រដល់ក្រសួងផែនការទាំងថវិកា និងទីប្រឹក្សាអន្តរជាតិ ក្នុងការងាររៀបចំការងារផែនការ៥ឆ្នាំ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍សហសតវត្សរ៍២០០០-២០១៥, ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨, ២០១៩-២០២៣ និងថ្មីៗនេះ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ១៩ UNDP ក៏បានចូលរួមចំណែកក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជាផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើតាមរយៈលោកស្រី សូមថ្លែងអំណរគុណដល់អ្នកតំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP) ក្នុងអណត្តិមុនៗផង ប្រសិនជាគ្មានការគាំទ្រពីគាត់ទេ ក៏យើងមិនអាចសម្រេចបានលទ្ធផលល្អដូចក្នុងពេលនេះដែរ ហើយឯកឧត្តមបន្តសង្ឃឹមថា ក្នុងអណត្តិរបស់លោកស្រី យើងនឹងនៅតែរួមគ្នា អាចសម្រេចបានលទ្ធផលល្អជាច្រើនទៀតផងដែរ។

ថ្លែងក្នុងជំនួបនេះ លោកស្រី អាលីសា ឆាគ័រ (Alissar Chaker) បានសម្តែងនូវការអបអរសាទរនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន លោកស្រីនឹងបន្តខិតខំដើម្បីជួយកម្ពុជាសម្រេចបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ តាមផែនការដែលបានរំពឹងទុក។ លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវដី១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជនក្រីក្រ ផ្តល់នូវការឧបត្ថម្ភជូនពួកគាត់ តាមរយៈប្រព័ន្ធគាំពារសង្គម ដែលកម្ពុជាបានបញ្ចេញថិវកាជាតិមកជួយទំនុកបម្រុងពួកគាត់ និងជាពិសេសទៅទៀត គឺគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលបានដល់ប្រជាជនទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស។

លោកស្រី បានបន្ថែមថា ក្រៅពីការងារក្នុងក្របខណ្ឌផែនការ ថ្មីៗនេះ UNDP ក៏បានផ្តោតការយកចិត្តដាក់ក្នុងជួយដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផលិតនូវទិន្នន័យដែលល្អ និងមានគុណភាព សម្រាប់ធ្វើការគាំទ្រនិងវាយតម្លៃលើសូចនាករសំខាន់ៗ នៃក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ផងដែរ។

ជាទីបញ្ចប់លោកស្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងផែនការ ដែលជាក្រសួងនាំមុន ក្នុងការដឹកនាំ រៀបចំផែនការ ជូនរាជរដ្ឋាភិបាល លោកស្រីប្តេជ្ញាបន្តគាំទ្រដល់ក្រសួងផែនការ លើទស្សនៈវិស័យរួមគ្នា ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

អត្ថបទដែលជាប់ទាក់ទង