ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតវៀតណាម សន្យាថា នឹងខិតខំពូនជ្រុំ ទំនាក់ទំនងមិត្តភាព រវាងប្រជាជន កងទ័ព និងប្រទេសទាំងពីរ ឲ្យកាន់តែមានការស៊ីជម្រៅ កាន់តែខ្លាំងក្លាឡើងថែមទៀត

177

 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ្វីតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងខណៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា។

ក្នុងកិច្ចជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពការរាតត្បាត នៃជំងឺកូវីដ ១៩ ជាសកល យើងទាំងអស់គ្នា រួមទាំងប្រទេសវៀតណាម បានប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនៃជំងឺដ៏កាចសាហាវមួយនេះ ដោយសារជំងឺកូវីដ-១៩នេះ បានបំផ្លាញប្រពៃណីដ៏ល្អជាច្រើន រួមទាំងការជួបជុំ និងការបំពេញភារកិច្ចការងារ តែទោះបីយ៉ាង ណាក៏ដោយ ក៏មិនអាចបំផ្លាញបាននូវស្មារតី និងកិច្ចសហប្រតិបត្តិការ ចំណង មិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងកងទ័ពទាំងពីរ កម្ពុជានិងវៀតណាមបាននោះឡើយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា នៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ានប្តូរវេន ដែលបច្ចុប្បន្នកំពុងត្រៀមខ្លួនយ៉ាងសកម្មផងដែរដើម្បីដំណើរការរៀបចំឲ្យទទួលបានជោគ ជ័យ។

សម្តេចពិជ័យសេនា ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត ផងដែរថា យើងនឹងបន្តប្រពៃណីដ៏ល្អប្រពៃរបស់យើងទាំងពីរ លើកិច្ចសហប្រតិបត្តិការគ្នា និងរិះរកគ្រប់វិធីដោះស្រាយបញ្ហា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរបស់ប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដ៏ល្អផូរផង់នេះ កាន់តែទ្វេរឡើងថែមទៀត ជាពិសេសពីកិច្ចសហការលើការកសាង និងអភិវឌ្ឍន៍នៅតំបន់អិច- ១៦ ជាប់ព្រំដែននៃប្រទេសទាំងពីរ។ ក្រៅពីនោះ ការជួយបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការដទៃទៀត តាមកម្មវិធីដែលបានគ្រោងទុក ។

ឯកឧត្តម ង្វៀន ហ្វីតាំង បានពាំនាំនូវការផ្តាំផ្ញើនិងការសួរសុខទុក្ខពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការពារ ជាតិកម្ពុជាផងដែរ ។

ឯកឧត្តម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេស ក៏ដូចជា កងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងស្នាដៃ និងសមិទ្ធផលដ៏ធំធេង ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមភាពដ៏ភ្លឺស្វាងរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា និងរដ្ឋសភា ជា ពិសេសការគ្រប់គ្រងនិងសម្របសម្រួល ដ៏ឈ្លាស់វៃ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ជាពិសេសក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលពិភពលោកទាំងមូល ក្នុងនោះមានប្រទេសកម្ពុជានិងវៀតណាម បានរងឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរ នៃជម្ងឺរាតត្បាតកូវីដ១៩ ។ ក៏ប៉ុន្តែកម្ពុជា បានទប់ស្កាត់បានដោយជោគជ័យ និងគ្រប់គ្រងបាននូវជម្ងឺរាត ត្បាតនេះ ជាពិសេសកម្ពុជា បានបើកប្រទេសទាំងមូល ហើយបានក្លាយជាទីដៅដ៏ទុកចិត្តសម្រាប់អ្នកទេសចរណ៍ផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម មានជំនឿយ៉ាងមុតមាំថា ឈរលើមូលដ្ឋានដ៏រឹងមាំនេះប្រទេសកម្ពុជា នឹងបន្តដណ្តើមជ័យជំនះដ៏ធំធេងនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនទំនាក់ ទំនងមិត្តភាព និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចងចាំជានិច្ច និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម នៅគ្រប់កាលៈទេសៈ ទាំងនៅក្នុងគ្រាតស៊ូ ដើម្បីឯករាជ្យជាតិ ឯកភាពប្រទេសនិងទាំងនៅក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មី នៃការការពារ និងកសាងមាតុភូមិនាពេលសព្វថ្ងៃនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បានសន្យាថា នឹងខិតខំយកអស់ពីកម្លាំង កាយចិត្ត ក្នុងការពូនជ្រុំ ទំនាក់ទំនងមិត្តភាព រវាងប្រជាជន កងទ័ព និងប្រទេសទាំងពីរ ឲ្យកាន់តែមានការស៊ីជម្រៅ និងមានភាពរីកចម្រើន កាន់តែខ្លាំងក្លាឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង