ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរកសិកម្មកំពង់ធំ៖ តាមរយៈកម្មវិធីអាស្ប៉ាយ ប្រជាកសិករ មានជីវភាពធូធារ ដោយការដាំដំណាំ ដំឡូងមី,ត្រពាំងផ្អែម និងដំណាំគ្រប់ប្រភេទទៀត

160

កំពង់ធំ៖ កម្មវិធីអាស៉្បាយបានផ្ដល់នូវចំណេះដឹង និងជួយកែប្រែជីវភាពរបស់ប្រជាសហគមន៍ក្នុងខេត្តកំពង់ធំកាន់តែប្រសើរឡើង តាមរយៈការទទួលបានចំណេះដឹងកសិកម្មថ្មីៗពីមន្រ្តីជំនាញ ដែលធ្វើឱ្យការ ផលិតទទួលបានផលច្រើន និងចំណាយដើមទុនតិច។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ដែលហៅកាត់ថាអាស៉្បាយ នៅក្នុងខេត្តកំពង់ធំ បានបញ្ជាក់ឲ្យភ្នំពេញរីផតធ័រដឹងថា៖ នៅក្នុងឆ្នាំ ២០២១នេះ កម្មវិធីអាស៉្បាយនេះបានពង្រីកទៅដល់ឃុំគោល ដៅ ទាំងប្រាំបួនក្រុងស្រុកក្នុងខេត្តកំពង់ធំ ដោយពង្រីកបាន ២៨បណ្ដុំ គឺមាន១៤១៣គ្រួសារបន្ថែមទៀត ។ លោកប្រធានមន្ទីកសិកម្ម បានបន្ដថា សម្រាប់ការពង្រីកបណ្ដុំថ្មីនេះ គឺមានបណ្ដុំដំឡូងមី និងបណ្ដុំត្រពាំងផ្អែម។

លោកបានឲ្យដឹងថា កម្មវិធីថ្មីដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តកំពង់ធំនេះ មិនត្រឹមតែជួយកែប្រែជីវភាពរបស់ ប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវចំណេះដឹងច្រើនដល់មន្ត្រីអ្នកពាក់ព័ន្ធទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យការផលិតត្រូវតាមស្តង់ដារ ចំណាយដើមតិច ហើយ ចំណេញច្រើន។
កម្មវិធីអាស៉្បាយនេះ គឺជាកម្មវិធីមួយដែលបានផ្ដល់នូវចំណេះដឹងច្រើនទៅដល់មន្ត្រីកសិកម្មខេត្ត ក៏ដូចជាអាជ្ញាធរ ជាពិសេសគឺទៅដល់ CE ដែលយើងហៅថាភ្នាក់ងារផ្សព្វផ្សាយឃុំឱ្យគាត់មានការយល់ដឹងពីបច្ចេកទេសថ្មីដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។ ហើយគាត់នឹងបញ្ជ្រាបបញ្ហាទាំងនេះទៅដល់កសិករនៅតាមមូលដ្ឋានរបស់គាត់ ដើម្បីពង្រឹងនូវការផលិត ពង្រីកការផលិតឱ្យសមស្របទៅនឹងបរិបទសព្វថ្ងៃនេះ។

លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩-២០២០ កន្លងមកនេះ កម្មវិធីអាស្ប៉ាយ បានអនុវត្តនៅក្នុងខេត្តកំពង់ធំ គឺបាន ៧៦ បណ្ដុំដែលមានកសិករសរុបចំនួន២៧៣៥គ្រួសារ ហើយនៅក្នុងនោះគ្រួសារជាស្ត្រីគឺមាន ៩៣៥ គ្រួសារ ដោយបានធ្វើទៅលើបណ្ដុំអាជីវកម្ម មានដូចជាអាជីវកម្មស្រូវ ស្វាយចន្ទី បន្លែ មាន់ស្រែ ចិញ្ចឹមត្រី កែច្នៃត្រី ជ្រូកព្រៃ និងឃ្មុំ ។

សម្រាប់លទ្ធផលដែលទទួលបានកន្លងមកនេះ គឺយើងផលិតបានបរិមាណចំនួន ១០ពាន់តោន ដែលអាចលក់បានក្នុងចំនួន ៤ពាន់តោន ដែលមានទឹក ប្រាក់សរុបប្រមាណជា ៦២០០លានរៀល៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង